Register Already an agent ? Login

ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៤២% បើទោះផ្នែកខ្លះបានប៉ះពាល់ដោយ កូវីដ-១៩

សៀមរាប៖ បច្ចុប្បន្ន ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៤២ភាគរយ ហើយ បើទោះក្នុងស្ថានភាពក្នុងវិបត្តិកូវីដ-១៩ ក្ដី។ បើតាមការថ្លែងឱ្យដឹងពី អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជកា់ថា «ការសាងសង់ផ្នែកសំខាន់ៗទាំង៣ របស់គម្រោង គឺសម្រេចបានតាមការគ្រោងទុក»។

ក្រុមហ៊ុនបានបន្ថែមការងារសាងសង់ទាំងយប់ទាំងថ្ងៃ គម្រោងទាំងមូលគឺសម្រេចបានតាមផែនការ បើទោះបីជាការងារបច្ចេកទេសមួយចំនួនបានរាំងស្ទះ។ បើតាមការបន្តរបស់ លោក ស៊ិន ចាន់សេរីវុត្ថា ដែលបាលថ្លែងប្រាប់គេហទំព័រសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះ។

ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណ ៥១គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ នៅឆ្នាំ២០២៣។

គម្រោងនេះ ចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧ភាគរយ ក្នុងឆ្នាំ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ២០២៣ តាមផែនការ។

សូមរម្លឹកថា គិតត្រឹមចុងឆ្នាំ២០២០ ជារួមគម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥ភាគរយ ហើយ ក្នុងនោះ ស្ថានីយ៍អ្នកដំណើរសម្រេចបាន ១៥ភាគរយ ខណៈសំណង់តំបន់ហោះហើរសម្រេចបានប្រមាណ ១០ភាគរយ។ សម្រាប់ឆ្នាំ២០២១ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយអ្នកដំណើរឱ្យបាន ៧៨ភាគរយ សម្រេចការកសាងតំបន់ហោះហើរឱ្យបាន ៤៥ភាគរយ និងបញ្ចប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅឱ្យបាន ៥០ភាគរយ៕

ដោយ៖ Moeun Dyna