Register Already an agent ? Login

គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូន ទោះបីជាមានការរីករាលត្បាតជំងឺកូវីដ-១៩ក្តី

ភ្នំពេញ៖ គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក ទោះបីជាមានការរីករាលត្បាតជំងឺកូវីដ-១៩ក្តី។ វិឌ្ឍនភាពបច្ចុប្បន្ន បើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០ភាគរយ។

ការសាងសង់ផ្លូវមួយខ្សែនេះ ចែកចេញជា ៣ផ្នែក ទី១.កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងសរុបប្រមាណ ៨៤គីឡូម៉ែត្រ។ ទី២.កំណាត់ធ្លាម្អម-បាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ១៣៤គីឡូម៉ែត្រ និងទី៣.កំណាត់ព្រែកក្តាម-ធ្លាម្អម ដែលមានប្រវែងសរុបប្រមាណ ១៣៥​គីឡូម៉ែត្រ។

បើយោងតាមរបាយការណ៍របស់ក្រសួងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងពង្រីកផ្លូវជាតិលេខ៥ សម្រេចបានដូចតទៅ៖ ១.ផ្នែកខាងជើង បាត់ដំបង-សិរីសោភ័ណ សម្រេចបាន ៨៩,៧៥ភសាគរយ ហើយគ្រោងបញ្ចប់ ខែកក្កដា ២០២១។ ២.ផ្នែកកណ្តាល ធ្លាម្អម-បាត់ដំបង សម្រេចបាន ២៣,០២ភាគរយ គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២។ ៣. ផ្នែកខាងត្បូង ព្រែកក្តាម-ធ្លាម្អម សម្រេចបាន ៣៥,៦២ភាគរយ គម្រោងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២២។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលភ្ជាប់រាជធានីភ្នំពេញទៅតំបន់ជាយដែនប៉ែកខាងលិចប្រទេស លាតសន្ធឹងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00លានដុល្លារ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ ផ្លូវនេះ ពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានបញ្ជាក់ថា «ការស្ថាបនាផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកប ដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា។ ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន»។

លោក បានបញ្ជាក់បន្តថា ថ្វីត្បិតថាពិភពលោក និងកម្ពុជា កំពុងប្រឈមការឆ្លងរីករាលដាលមេរោគកូវីដ-១៩ មែនក៏ដោយ តែគម្រោងស្ថាបនាផ្លូវជាតិលេខ៥នេះ នៅតែបន្តដំណើរទៅមុខយ៉ាងរលូនដដែល។ លោក ថា ការរក្សាបាននូវវឌ្ឍនភាពនេះ ដោយសារតែក្រុមប្រតិបត្តិការសាងសង់ រួមមានអង្គភាពគ្រប់គ្រង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្បួនអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានបន្ថែមរបស់ក្រសួងដឹកជញ្ជូន ជាពិសេសអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលជំងឺនេះ៕

ដោយ៖ Moeun Dyna