Register Already an agent ? Login

រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ នៅឧត្តរមានជ័យ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

ឧ​ត្ត​រ​មានជ័យ៖ រោងចក្រផលិតអគ្គិសនីពីការដុតធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) ស្ថិតនៅនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នឹងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២១នេះ ទុនវិនិយោគប្រមាណ ២៩៤,៣លានដុល្លារ។

តាមផែនការរោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដោយប្រើរ៉ែធ្យូងថ្ម ដែលមាននៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើតាមាករថ្លែងឱ្យដឹងពី លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានបន្តថា ការសាងសង់រោងចក្រផលិតអគ្គិសនីពីធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ កំពុងមានដំណើរការទៅមុខជាប្រចាំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជិតបញ្ចប់អស់ហើយ ដោយនៅរង់ចាំតែការយកម៉ាស៊ីនមកដំឡើងប៉ុណ្ណោះ។

លោក អភិបាលរងខេត្តរូនេះ បានថ្លែងប្រាប់គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះថា បើតាមទិដ្ឋភាពការងារ គឺរោងចក្រនេះនឹងអាចចាប់ដំណើរការតាមការកំណត់របស់រដ្ឋាភិបាល នៅចុងឆ្នាំនេះក្រុមហ៊ុនធ្វើតេស្តសាកល្បងម៉ាស៊ីន ហើយនៅដើមឆ្នាំ២០២២ ចាប់ផ្តើមដំណើរការជាផ្លូវការតែម្ដង។

លោក បានថ្លែងបន្តថាក្រុមហ៊ុនខាងលើ រដ្ឋាភិបាលបានអនុម័តឱ្យវិនិយោគ បង្កើតរោងចក្រអគ្គិសនីពីការដុតធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ ក្នុងខេត្តឧត្តរមានជ័យ កាលពីខែកុម្ភៈ ឆ្នាំនេះ។

បច្ចុប្បន្ន ប្រទេសកម្ពុជា អាចផលិតថាមពលអគ្គិសនីបានពី ៧០ ទៅ៨០ភាគរយ នៃតម្រូវការប្រើប្រាស់ក្នុងស្រុកសរុប ខណៈសល់ពីនោះបានមកពីការនាំចូលពីប្រទេសជិតខាង។ បើតាមការថ្លែងរបស់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូ​នា បានបញ្ជាក់ថា ការបង្កើន​ការផ្គត់ផ្គង់​ថាមពល ជាគោលការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យផ្សេងៗទៀត​ដែលជា​ស្នូល និង​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ៕

ដោយ៖ Moeun Dyna