Register Already an agent ? Login

ក្រុមហ៊ុនជាតិ និងអន្តរជាតិប្រមាណ ៥០ក្រុមហ៊ុន ស្វែងរកឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដល់វិស័យធុរកិច្ចនៃក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ក្រុមហ៊ុន ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ដែលធ្វើបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវ ថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ដែលបាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវ បេតុងកៅស៊ូ (AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា មានគម្រោងជាច្រើនទៀតដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុង/ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែទឹកជ្រៅ គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរវាងក្រុមហ៊ុន YCH ប្រទេសសិង្ហបុរី និងក្រសួងដឹកជញ្ជូន ដោយអនុលោមតាមផែនការមេភស្តុភារកម្មជាតិ។

លោក បន្ថែមថា អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅ ផ្លូវការ ចំណេញពេលវេលា និងកម្មវិធី (App) មួយថ្មីទៀតដែលអាចចាប់យករូបភាពយានយន្តបើកបរ ល្មើសច្បាប់ ហើយស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។

គូសបញ្ចកា់ថា កម្មវិធីធ្វើបទបង្ហាញនេះរៀបចំឡើង ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាក្នុងការជួយឱ្យវិនិយោគិនបានស្វែងយល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

ដោយ៖ Moeun Dyna