Register Already an agent ? Login

គម្រោងសាងសង់ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី ស្ថិតក្នុងតំណាក់កាលកំពុងសិក្សាលំអិតនៅឡើយ

មណ្ឌលគិរី៖ ក្រុមហ៊ុន China Power International Group ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល សាងសង់ព្រលានយន្តហោះ ទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង លើផ្ទៃដី ៣០០ ទៅ ៦០០ហិកតា ស្ថិតក្នុងតំណាក់កាលសិក្សាលំអិតនៅឡើយ។ បើតាមការថ្លែងឱ្យដឹងពី អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា ព្រោះក្រុមហ៊ុន ត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។

 របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ិន ចាន់សេរីវុត្ថា ថា រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហុនខាងលើបានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។

នៅក្នុងថ្ងៃនោះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រជុំវឌ្ឍនភាពនៃគម្រោងខាងលើ ដោយមានការចូលរួមពីក្រុម និងអ្នកពិគ្រោះយោបល់ Consultant។

លោក បារដ្ឋមន្ត្រី ន​ផ្តល់​អនុសាសន៍ ២ចំណុច ដើម្បីឱ្យ​របាយការណ៍​នេះ​កាន់តែ​ប្រសើរឡើង ដូចជា ទី១ ត្រូវយក​ចិត្ត​ទុក្ខ​ដាក់បញ្ចូល​បន្ថែម នូវ​សកម្មភាព​អភិវឌ្ឍ​ទេសចរណ៍ និង​សេដ្ឋកិច្ច​តំបន់​ស្របតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍ និងទី២ ត្រូវ​រក​វិធីសាស្ត្រថ្មីៗ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍ ឱ្យធ្វើ​ការហោះហើរ​ទៅ​តំបន់​នោះ ដូចជា ផលិតផល​ទេសចរណ៍ថ្មីៗ សកម្មភាព​សេដ្ឋកិច្ច និង​វិនិយោគថ្មី។

សូមរម្លឹកថា គម្រោងសាងសង់ព្រលានយន្តហោះនេះ បានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ១០០លាន​ដុល្លារ៕

ដោយ៖  Moeun Dyna