Register Already an agent ? Login

៣ខែដើមឆ្នាំ២០២១ កម្ពុជា នាំស្រូវនិងអង្ករចេញទៅទីផ្សារអន្តរជាតិមានចំនួន ១,៩លានតោន

ភ្នំ​ពេញ៖ រយៈពេល ៣ខែ ដើមឆ្នាំ២០២១ លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានចំនួនសរុប ១,៩៨៧,៤៦៧តោន។

ក្រសួងកសិកម្ម បានឱ្យដឹងថា ៣ខែ ឆ្នាំ២០២១ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១,៨៧៣,៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ។

ការនាំចេញផ្លូវការមានចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១,២១៥,៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម។

ក្រសួងកសិកម្ម បានបន្តថា បរិមាណអង្ករនាំចេញក្នុងរយៈពេល ៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥ភាគរយ) តិចជាងបរិមាណនាំចេញក្នុងរយៈពេល ៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨ភាគរយ) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤ភាគរយ និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩ភាគរយ និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧ភាគរយ។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥ភាគរយ។ បើតាការបន្ថែមរបស់ក្រសួងដដែ។

ក្រសួងកសិកម្មបានបន្ថែមឱ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះ ៖ ប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន, បារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន, ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន។

ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន, ណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន, អូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន, ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន, អេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២ ៦៩០តោន, សអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥តោន និងប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២ ០៨៧តោន។

បើតាមក្រសួងកសិកម្មបានបន្ថែមឱ្យដឹងទៀតថា បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៤៤២តោន (២៣,០៦ភាគរយ) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥ភាគរយ) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩ភាគរយ) និងទិសដៅដទៃទៀតចំនួន ១៨ប្រទេស មានបរិមាណសរុប ២១ ២១៨តោន (១៣,៨ភាគរយ)៕

ដោយ៖ Moeun Dyna