Register Already an agent ? Login

គម្រោងសាងសង់ផ្សារទំនើបកម្ពស់ ៥ជាន់ តម្លៃ ១០លានដុល្លារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

កណ្ដាល៖ គម្រោងសាងសង់ផ្សារទំនើបលើកដំបូង កម្ពស់ ៥ជាន់ ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ នៅដើមឆមាសទី២ ឆ្នាំ២០២១នេះ។ បើតាមការថ្លែងឱ្យដឹងពី លោក នួន រិទ្ធី អគ្គនាយក វាយតម្លៃមូលនិធិខ្មែរ ដែលជាអ្នកអភិវឌ្ឍន៍ បានបញ្ជាក់ ផ្សារទំនើបនេះ នាំយកនូវបទពិសោធន៍ថ្មីនៃការរស់នៅបែបទាន់សម័យ ជូនដល់ប្រជាជននៅក្នុងតំបន់ ខណៈដែលកំណើននៃកម្រិតជីវភាពកាន់តែមានភាពល្អប្រសើរ។

លោក នួន រិទ្ធី បានថ្លែងបន្តថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបមួយនេះ នឹងនាំមកជូនបទពិសោធន៍ថ្មីនៃជីវិតរស់នៅបែបទាន់សម័យ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលក្រៅពីមានការផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ចំណីអាហារគ្រប់ប្រភេទ ក៏មានការផ្តល់ជូននូវទីតាំងសម្រាប់កម្សាន្តផងដែរ។

ផ្សារទំនើបនេះ ស្ថិតនៅក្នុងគម្រោងបុរីកៀនស្វាយផាក កំពុងពន្លឿនការសាងសង់ ដែលមានទុនវិនិយោគសរុបប្រមាណ ១០លានដុល្លារ។ បើតាមការថ្លែងបន្តទៀតរបស់ លោក នួន រិទ្ធី ដែលបានប្រាប់គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះ បានឱ្យដឹងទៀតថា ផ្សារនេះមានកម្ពស់ ៥ជាន់ ដោយជាន់នីមួយៗមានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ទីតាំងអេឡិចត្រូនិក ទីតាំងចំណីអាហារ ទីតាំងគ្រឿងអង្ការ និងទីតាំងសម្រាប់កម្សាន្តទូទៅផងដែរ។

បើតាមគេហទំព័រខាងលើបានស្រង់សំដី អគ្គនាយក វាយតម្លៃមូលនិធិខ្មែរ ដែលជាអ្នកអភិវឌ្ឍន៍ បានឱ្យដឹងបន្តទៀត ពេលនេះទីតាំងដែលត្រូវសាងសង់ ត្រូវបានរៀបចំឈូសឆាយ និងចាក់ដីបំពេញរួចរាល់ហើយ ដោយនៅរង់ចាំតែសរសរគ្រឹះតែប៉ុណ្ណោះ។ លោក ថា រាល់ផលិតផល ដែលត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបមួយនេះ ត្រូវបានធានានូវគុណភាព ស្របច្បាប់ត្រឹមត្រូវ ដោយឡែកចំណីអាហារត្រូវប្រាកដថា មិនមានសារជាតិគីមី ហើយក៏មានផលិតផលក្នុងស្រុកផងដែរ។

ស្រុកកៀនស្វាយ បច្ចុប្បន្នបានក្លាយទៅជាតំបន់ជាយរាជធានីភ្នំពេញ ដែលមានភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្គត់ផ្គង់ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមដូចជាគ្នាទៅនឹងតំបន់ប៉ែកខាងលិចក្រុងផងដែរ។ បើតាមការអះអាងរបស់ លោក នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍។

បើតាម លោក អគ្គនាយករូបនេះ បានបន្ថែមថា ជាក់ស្ដែងបច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន គម្រោងបុរីជាច្រើនកំពុង តែមានសកម្មភាពសាងសង់យ៉ាងមមាញឹក រួមជាមួយនឹងកំណើនប្រជាជនចូលទៅរស់នៅកាន់តែច្រើនឡើង៕

ដោយ៖ Moeun Dyna