Register Already an agent ? Login

គម្រោងសាងសង់ទីលានចាក់សំរាមទំហំ ៨ហិកតា ខេត្តកែបសម្រេចបាន ៧៥% នឹងបញ្ចប់នៅខែតុលា

កែប៖ គម្រោងសាងសង់ទីលានចាក់សំរាមខេត្តកែបទំហំ ៨ហិកតា សម្រេចបាន ៧៥ភាគរយ នឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ខាងមុខ។ បើតាមការថ្លែងឱ្យដឹងពី ប្រធានសាងសង់គម្រោងទីលានចាក់សំរាម នៅខេត្តកែប លោក ទិត្យ ទីគា។

ជំហានទី១ គឺសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ ហើយជំហានទី២ គឺសាងសង់អាងស្ទុកសំរាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសំរាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសំរាមផងដែរ។ បើតាមការថ្លែងបន្តរបស់ លោក ទិត្យ ទីគា បានបញ្ជាក់ថា «ទីលានចាក់សំរាមនេះ អាចស្ទុកសម្រាមបានរយៈពេល ២០ឆ្នាំ»។

ទីលានចាក់សំរាមទំហំ ៨ហិចតានេះ នឹងជួយឱ្យខេត្តកែប មានទីតាំងទុកដាក់សំរាមប្រកបដោយស្តង់ដារ និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវនិរន្តរភាពបរិស្ថាន ជាខេត្តដែលមាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ បើតាមការបញ្ជាក់របស់ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ។

នាឱកាសអញ្ជើញពិនិត្យផ្លូវ និងទីតាំងសាងសង់ទីលានចាក់សំរាម ស្ថិតក្នុង សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ខេត្តកែប កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ បានថ្លែងបានបញ្ជាក់ថា «គម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្ត​ បាននឹងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក»។

លោក ​អភិបាលខេត្តថ្លែងបន្តថា មានដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម) កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC, ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ លោក ថា ទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សំរាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក អភិបាលខេត្ត សង្កត់ធ្ងន់ថា ដើម្បីបំពេញសម្បទាជាខេត្តគោលដៅទេសចរណ៍សម្រាកលម្ហែប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក៕

ដោយ៖ MoeunDyna