Register Already an agent ? Login

វឌ្ឍនភាពនៃការងារបង្កបង្កើនផលនៅក្នុងរដូវប្រាំង ឆ្នាំ២០២១ លើសឆ្នាំ២០២០ ចំនួន ៥២ ០៣១ហិកតា

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ហិកតា ស្មើនឹង ១៤២,៤៥ភាគរយ នៃផែនការ ៤៥៩ ២០០ហិកតា លើសពីឆ្នាំ២០២០ ចំនួន ៥២ ០៣១ហិកតា។ បើតាមរបាយការណ៍របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

នៅក្នុងរបាយការណ៍បស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តឱ្យដឹងថា រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ហិកតា ស្នើនឹង ៧៤,៩២ភាគរយ នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧តោន ក្នុង១ហិកតា។

បើតាមរបាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា ដោយឡែកចំពោះ ៖ ១.ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក ... អនុវត្តបានចំនួន ៣៨ ១៧០ហិកតា ស្មើនឹង ១០២,៣០ភាគរយ នៃផែនការ ៣៧ ៣១២ហិកតា លើសឆ្នាំមុនចំនួន ៥៤៤ហិកតា។

២.ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ហិកតា ស្មើនឹង ១០៥,៥៤ភាគរយ នៃផែនការ ៨៤ ៧៧០ហិកតា លើសឆ្នាំមុន ១០ ១៩០ហិកតា។

លោក វេង សាខុន បញ្ជាក់ ជារួមការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួង បានបន្តជំរុញដល់កសិករឱ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម៕

ដោយ៖ Moeun Dyna