Register Already an agent ? Login

វិស័យអចលទ្រព្យ ក្នុងខេត្តកំពង់ឆ្នាំង ហាក់នៅទ្រឹងមួយកន្លែង ខណៈ ជំងឺសកលកំពុងហ៊ុំព័ទ្ធក្នុងប្រទេស

កំពង់ឆ្នាំង៖ បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងវាយលុកគ្រប់ទីកន្លែង ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ហើយបានទាញយកវិស័យផ្សេងៗកំពុងដំណើរឱ្យផ្អាកទ្រឹងមួយកន្លែងមិនឱ្យទៅមុខស្ទើរតែទៅមុខមិនរួច។ ក្នុងនោះវិស័យអចលទ្រព្យក៏ត្រូវបានជំងឺនេះទាញផងដែរ ធ្វើឱ្យកំណើនដែលធ្លាប់មានសន្ទុះកន្លងមកបានដាំក្បាលបន្តិចម្ដងៗ។ ជាក់ស្ដែងក្នុងខេត្តកំពង់ឆ្នាំង នៅតែមានសភាពស្ងប់ស្ងាត់ ខណៈដែលកំណើនប្រជាសាស្ត្រ និងការអភិវឌ្ឍនៅតាមមូលដ្ឋាននៅមានកម្រិតនៅឡើយ។

ខេត្តកំពង់ឆ្នាំង ខុសគ្នាពីបណ្តាខេត្តមួយចំនួន ដែលមានព្រំប្រទល់ជាប់គ្នាដូចជា ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលទីផ្សារអលនទ្រព្យ នៅក្នុងទីប្រជុំជននៃខេត្តមានសកម្មភាពទិញលក់ជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ខេត្តកំពង់ឆ្នាងនៅតែមានសភាពស្ងប់ស្ងាត់។

សកម្មភាពនៃការទិញ-លក់អលចនទ្រព្យ ក៏ដូចជាដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បើប្រៀបធៀបជាមួយបណ្តាខេត្តដទៃ ដែលស្ថិតនៅជាប់គ្នាគឺមិនសូវមានសន្ទុះខ្លាំងទេ ពោលគឺមានដែរតែមិនមមាញឹក  ហើយស្ថិតក្នុងទ្រង់ទ្រាយតូចនៅឡើយ ដែលអាចកើចេញពីប្រជាពលរដ្ឋក្នុងតំបន់ច្រើនជាងក្រុមហ៊ុនអភិវឌ្ឍន៍មកពីតំបន់ក្រុង។ បើតាមការអះអាងរបស់ ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង លោក លី សុភី ដែលបានថ្លែងប្រាប់គេហទំព័រអចលទ្រព្យអាស៊ី។

សម្រាប់អ្នកវិនិយោគដែលមកស្វែងរកទិញដីក្នុងទ្រង់ទ្រាយធំ គឺនៅមិនទាន់មាននោះទេ មានតែឈ្មួញដើរទិញដីដែលមានតម្លៃទាបៗ ដូចជា ប្រភេទដីស្រែ ដីចម្ការប៉ុណ្ណោះ ប៉ុន្តែបើទិញសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗនៅមិនទាន់ឃើញមានច្រើននោះទេ។ បើតាមការបញ្ជាក់ របស់ប្រធានមន្ទីរខាងលើ លោក លី សុភី ថា បើយើងពិនិត្យមើលទៅយើងឃើញ មានសកម្មភាពអភិវឌ្ឍន៍តិចតួចនៅតាមតំបន់មួយចំនួនក្នុងក្រុង ឬទីរួមខេត្ត ក៏ដូចជាស្រុកមួយចំនួនប៉ុណ្ណោះ។

បើតាមគេហទំព័រដដែលនេះ បានលើកឡើងថា កន្លងមក​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ធ្លាប់បាន​សិក្សា​និង​រកឃើញថា ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ជា ​Hubមួយ សម្រាប់​ជា​មូលដ្ឋាន​ចែកចាយ និង​ស្តុក​ទំនិញ​នាពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សក្តានុពល​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក។ ប៉ុន្តែ​ខេត្ត​នេះ​មិនទាន់មាន​ភាព​ទាក់ទាញ​ការវិនិយោគ​នៅឡើយ ដោយសារ​កត្តា​ជាច្រើន។

ដោយឡែក បើតាមការលើកឡើងរបស់អ្នកជំនាញវិស័យអចលនទ្រព្យថា បន្ទាប់ចាប់ផ្តើមផ្ទុះឡើងនូវព្រឹត្តិការ ២០កុម្ភៈរហូតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជា បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងការទិញ-លក់ដីធ្លី លំនៅឋានខុនដូផងដែរ។

អ្នកជំនាញដដែល ថ្លែងបន្តថា ទីផ្សារអចលនទ្រព្យមិនសកម្មដូចទីផ្សារទិញលក់សម្ភារ ដែលមានតម្រូវការរាល់ថ្ងៃនោះទេ ហើយនៅពេលកើតមានព្រឹត្តិការណ៍បែបនេះ កាន់តែស្ងប់ស្ងាត់មែនថែមទៀត ហើយសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យកើនឡើងវិញនៅពេលណា គឺវាអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃការទប់ស្កាត់ជំងឺនេះ។

លោក បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ ២០កុម្ភៈ កំពុងកើតឡើងនាពេលនេះ ជាព្រឹត្តិការណ៍ដ៏លំបាកមួយរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងខ្លាំងជាងព្រឹត្តិការណ៍មុនៗដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្ទើរគ្រប់ប្រភេទ រួមទាំងវិស័យអចលនទ្រព្យផងដែរ។

ព្រឹត្តិការណ៍ ២០កុម្ភៈ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ហើយសម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ ឆ្លងចូលសហគមន៍មួយនេះ។ បើតាមការលើកឡើងរបស់អ្នកវាយតម្លៃអចលនទ្រព្យ ថា អ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹម ក្រោយពីកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែជាអកុសល ព្រឹត្តិការណ៍នេះ បានផ្ទុះឡើងបង្កជាផលប៉ះពាល់ធំសម្រាប់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រោះអ្នកទិញ-លក់ អចលនទ្រព្យគឺតែងរំពឹងថា នឹងមានផលចំណេញអ្វីមួយ ក្រោយពីការទិញអចលនទ្រព្យ៕

ដោយ៖ Moeun  Dyna