Register Already an agent ? Login

ផ្លូវក្រវ៉ាត់ព្រំដែន កម្ពូជា-វៀតណាម ប្រវែង៣១៤គីឡូម៉ែត្រ ខេត្តមណ្ឌលគិរី ស្ថាបនាបាន ៨០ភាគរយ

មណ្ឌលគិរី៖ ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី មានប្រវែង៣១៤គីឡូម៉ែត្រ ជាប់ខេត្តបី របស់វៀតណាម ត្រូវបានកម្លាំងវិស្វកម្មស្ថាបនារួចរាល់ប្រមាណពី ៧០ទៅ ៨០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បញ្ជាក់ «ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិកម្ពូជា ដែលបានជួយសម្រួលកងកម្លាំងឈរជើងការពារព្រំដែន ងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ»។

ការថ្លែងខាងលើ របស់ លោក ស្វាយ សំអ៊ាង នាឱកាសចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង និងស្រុកកែវសីមា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

អភិបាលខេត្តមណ្ឌលគិរី បានថ្លែងបញ្ជាក់ទៀតថា «ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា»។

លោក បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។

សូមបញ្ជាក់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។ រាជរដ្ឋាភិបាល បានរំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម៕

ដោយ៖ Moeun Dyna