Register Already an agent ? Login

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន ៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញ បានចុះទៅទីតាំថខាងលើនិងបានដកហូតដីនោះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង បានថ្លែងដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពី លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយត្រូវបានបង្កើតឡើង ដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាពបំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។

លោក បានថ្លែងន្តថា បន្ទាប់ពីក្រុមការងារចម្រុះ បានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួនមានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។

នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន ៤៧២ហិកតា ដែលរដ្ឋបាលខេត្ត បានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិ ឃុំ ស្រុកខាងលើ រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយហៅក្រុមហ៊ុនចូលរួម ដែលមាន លោក ចាន់ ប៊ុនថុល តំណាងឱ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខ អាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់ ថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន ៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា។ ក្រុមហ៊ុនត្រូវកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី ៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។

រដ្ឋបាលខេត្តបញ្ជាក់ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់ ៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានា៕

ដោយ៖ Moeun Dyna