Register Already an agent ? Login

សហគមន៍តំបន់ការពារធម្មជាតិចំនួន ៨ថ្មីទៀត បាននឹងកំពុងរៀបចំដំណើរការនីតិវិធីបង្កើត

ភ្នំពេញ៖ រហូតមកដល់ខែមីនា ឆ្នាំ២០២១ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៤ ដែលនៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន។ បើតាមការថ្លែងរបស់ លោក  នេត្រ ភ​ក្ត្រា​ រដ្ឋលេខាធិការ និង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​បរិ​ស្ថាន​ ឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិប្រមាណ ៨ ថ្មីទៀតបាននឹងកំពុងរៀបចំដំណើរការនីតិវិធីបង្កើត។

លោក នេត្រ ភក្ត្រា បានថ្លែងបន្តថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។

បច្ចុប្បន្ន សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ដែលយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ រួមនឹងជីវៈចម្រុះជាច្រើនទៀតនៅក្នុងតំបន់ព្រៃសហគមន៍និងតំបន់ការពារធម្មជាតិ បានដើរតួនាទីសំខាន់សហការជាមួយ មន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃឈើ និងចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌។ បើតាមការបន្ថែមរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រា្ត។

«សហគមន៍តំបន់ការពារធម្មជាតិបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីលើការចូលរួមថែរក្សាធនធានធម្មជាតិ ដោយពួកគាត់ក៏អាចប្រមូលអនុផលព្រៃឈើប្រចាំឆ្នាំដូចជាទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែជាដើមដែលអាចផ្តល់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋ»។ បើតាមការបញ្ជាក់ ពីរដ្ឋលេខាការក្រសួងដដែល លោក ថា រាជរដ្ឋាភិបាលកម្ពុជា ក៏មានបំណងប្រែក្លាយតំបន់អភិរក្សខ្លះដែលមានសក្តានុពលទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។

លោក បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

មន្រ្តីជាន់ខ្ពស់ក្រសួងរូបនេះ លើកឡើងថា ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២១នេះ កម្ពុជា មានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជា បានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ៕

ដោយ៖ Moeun Dyna