Register Already an agent ? Login

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៣ ខែមីនានេះ

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទីនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ បើតាមការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បញ្ជាក់ថា «រងចាំពេលសមស្រប សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ»។

លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានថ្លែងបន្តថា គម្រោងស្ពាននេះ នឹងបញ្ចប់នៅខែឧសភា ឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនសាងសង់បានបញ្ជប់មុនការគ្រោងទុក ២ខែ។ លោក ថា ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ៧១ C ផងដែរ។

លោក បន្តថា សាឡាដែលនៅទីតាំងនេះ នឹងបង្វែរទៅដាក់នៅខេត្តកំពង់ឆ្នាំងវិញ ដែលឆ្លងពីទីរួមខេត្តទៅស្រុកកំពង់លែង ដោយសារតែនៅទីនោះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ។

គួសរម្លឹកថា ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួ ន៤២ខែ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។

ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

ដោយ៖​ Moeun  Dyna