Register Already an agent ? Login

អភិបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃ ២៦៦ហិកតា នៅទីតាំង ៩កន្លែង ក្នុងស្រុកឱរ៉ាល់

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នាចំនួន ៩កន្លែង ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ បើតាមទំព័រហ្វេសហ៊ុក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ការដកហូតដីព្រៃដែលស្ថិតនៅទីតាំងដូចបង្ហាញខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ បានចុះសិក្សាលម្អិតឃើញថា ជាដីដែលស្ថិតនៅក្នុងដែនអភិរក្ស និងការពារធនធានធម្មជាតិ ក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន និងត្រូវបានវិស័យឯកជន ដែលរួមមានពលរដ្ឋក្នុងតំបន់ផងដែរធ្វើការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ បើតាមការថ្លែងរបស់ លោក អភិបាលខេត្ត ប្រាប់គរហទំព័រអចលនទ្រព្យអាស៊ី។

លោកបន្តថា យើងមានផលលំបាកក្នុងការស្វែងរក និងទប់ស្កាត់បទល្មើស ព្រោះកម្លាំងមន្ត្រីជំនាញយើងមានតិច ហើយជនខិលខូចមាននៅតាមតំបន់ផ្សេងៗ ដូច្នេះអ្វីដែលសំខាន់គឺយើងស្នើសុំ និងទទូចឱ្យប្រជាពលរដ្ឋមានការចូលរួមអនុវត្ត និងគោរពច្បាប់ទាំងអស់គ្នា ជៀសវាងកើតមានបញ្ហាទំនាស់ ឬអាចប្រឈមទៅនឹងផ្លូវច្បាប់ ដោយសារតែការសម្លឹងឃើញផលប្រយោជន៍ ជាសំខាន់រហូតអនុវត្តប្រាស់ចាកពីច្បាប់។

តាមទំព័រហ្វេសប៊ុក លោក វ៉ី សំណាង បានលើកឡើងពីប្រសាសន៍នាយករដ្ឋមន្រ្តី ក្នុងការការពារពីជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ដូច្នេះថា ដោយសារដំណាក់កាលនេះជាដំណាក់កាលដ៏ស្រួចស្រាល់ជាមួយ និងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ វីដ-១៩ សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ហ៊ុន សែន ដោយត្រូវអនុវត្តគឺ (៣កុំ ៣ការពារ) ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕

ដោយ៖ Moeun Dyna