Register Already an agent ? Login

វឌ្ឍនភាព គម្រោងអភិវឌ្ឍន៍កោះនរាសម្រេចបានជិត ៥០% បើទោះក្នុងវិបត្តិកូវីដ-១៩ ជាង ១ឆ្នាំហើយក្ដី

ភ្នំពេញ៖ បច្ចុប្បន្ន វឌ្ឍនភាព ការចាក់ដីបំពេញ និងកសាងហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ៤៥ភាគរយ បើទោះជំងឺកូវីដ-១៩ បានបន្តការឆ្លងរាលដាលរយៈពេលជាង ១ឆ្នាំ មិនបានធ្វើឱ្យផាកសកម្មភាពគម្រោងដ៏ធំនេះឡើយ។

គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC លើផ្ទៃដីទំហំ ១២៥ហិកតា ក្រោមទុនវិនិយោគ ២,៥ពាន់លានដុល្លារ។ OCIC ចាប់ផ្តើមចាក់ដីបំពេញ បុកគ្រឹះបេតុងច្រាំងទន្លេ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងនេះតាំង ពីខែមករា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍កោះនរាកំពុងដំណើរទៅមុខដោយរលូន ខណៈការចាក់ដីបំពេញ និងការសាងសង់ច្រាំងទន្លេនាពេលនេះសម្រេចបានប្រមាណ ៤៥ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានបន្តថា ពេលនេះក្រុមហ៊ុនមិនទាន់បើកលក់គម្រោងណាមួយទេ ដោយក្រុមហ៊ុនផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ។

បើតាម លោក ទូច សំណាង ដែលបានប្រាប់កាសែត ភ្នំពេញប៉ុស្ត៍ កាលពីថ្មីៗនេះថា សម្រាប់ការកំណត់ថានឹងមានសំណង់ធំៗចំនួនប៉ុន្មានក្នុងគម្រោងនេះ គឺក្រុមហ៊ុន OCIC មិនទាន់អាចកំណត់បានទេ ដោយអ្វីៗវានឹងអាស្រ័យទៅលើកំណើនសេដ្ឋកិច្ច និងការចូលមកបណ្តាក់ទុនរបស់វិនិយោគិនជាក់ស្តែង គឺវាអាចប្រហាក់ប្រហែលនឹងគម្រោងក្រុងរណបកោះពេជ្រដែលរហូតមកដល់ពេលនេះមានការសាងសង់សំណង់ធំៗ និងខ្ពស់ៗជាបន្តបន្ទាប់។

លោក បញ្ចាក់ «នៅពេល​សាងសង់​រួច កោះនរា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ប្រណីត​មួយ​នៅ​ភ្នំពេញ ​ដែល​រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួនច្បារ​សាធារណៈ រោង​មហោស្រព​លំនៅឋាន​ប្រណីតៗ និង​ធនាគារ​ជាដើម​»។

បើតាមកាសែតដដែល បានស្រង់សំដី អគ្គនាយក​ក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ក្នុងពេល​បើក​ការដ្ឋាន​សាងសង់​ស្ពាន ២​ខ្សែ​ភ្ជាប់​ ទៅ​កោះនរា​កាលពី ​ខែតុលា ឆ្នាំ​២០២០ ដូច្នេះ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​អភិវឌ្ឍ​កោះនរា​នេះ​ក្រុមហ៊ុន គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៥៥០​លាន​ដុល្លារ​។ លោក ថា គម្រោង​នេះ ​នឹង​ប្រើ​កម្លាំង​ពលកម្ម ៧ ០០០​នាក់ ​នៅពេល​សាងសង់​ពេញលេញ៕

ដោយ៖ Moeun Dyna