Register Already an agent ? Login

កម្ពុជា មានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ផ្ទៃដីសរុប ៧,២លានហិកតា ស្នើនឹង ៤១% នៃដីទូទាំងប្រទេស

ភ្នំពេញ៖ មកដល់ឆ្នាំ២០២១នេះ កម្ពុជា មានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បើតាមការ ថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ «តំបន់ការពារធនធានធម្មជាតិចំនួន ៧៣នេះ គឺស្ថិតនៅក្នុងប្រភេទតំបន់ការពារធំៗចំនួន ៨»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តថា តំបន់ការពារធនធានធម្មជាតិចំនួន ៧៣ នេះ គឺស្ថិតនៅក្នុងប្រភេទតំបន់ការពារធំៗចំនួន ៨ រួមមាន៖

ទី១-តំបន់ឧទ្យានជាតិ៖ មានចំនួន ១១តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ១,៧១៧,៦១៤ហិកតា រួមមាន ឧទ្យានជាតិកែប ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ឧទ្យានជាតិសីហនុ-រាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

តំបន់ឧទ្យានជាតិទាំងនេះ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងសម្បត្តិទៅដោយព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានយ៉ាងច្រើនផងដែរ។

ទី២-តំបន់ដែនជម្រកសត្វព្រៃ៖ បែងចែកជា ១៩តំបន់ផ្សេងៗគ្នា ដែលមានផ្ទៃដីសរុប ៣,៤៣៣,៣៣៦ ហិកតា រួមមាន ដែនជម្រកសត្វព្រៃឱរ៉ាល់ ព្រៃពាមក្រសោប ព្រៃភ្នំសំកុស ព្រៃគូលែន-ព្រហ្មទេព ព្រៃបឹងពែរ ព្រៃលំផាត់ ព្រៃភ្នំព្រេច ព្រៃណាមលៀរ ព្រៃឡង់ ព្រៃព្រះរកា ព្រៃឆែប ព្រៃតាតៃ ព្រៃកែវសីមា ព្រៃស្រែពក ព្រៃភ្នំត្នោត-ភ្នំពក ព្រៃសង្ឃរុក្ខវ័ន្ត ព្រែកប្រសព្វ ព្រៃសំបូរ និងដែនជម្រកសត្វព្រៃសៀមប៉ាង។

តំបន់ដែនជម្រកសត្វព្រៃទាំងនេះ សម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃរងការគំរាមកំហែង ពពួកមច្ឆាជាតិជិតផុតពូជ និងកម្រ ព្រមទាំងជាជម្រកសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ព្រៃស្រោង និងព្រៃរបោះជាដើម។

ទី៣-តំបន់ទេសភាព៖ បែងចែកជា ១៣តំបន់ផ្សេងៗគ្នា ដែលមានផ្ទៃដីសរុប ១៥៣,៦០៤ហិកតា រួមមាន តំបន់រមណីយដ្ឋានអង្គរ តំបន់បន្ទាយឆ្មារ តំបន់ព្រះវិហារ តំបន់អង្លង់ព្រីង តំបន់ទំនាបខាងជើងទន្លេសាប តំបន់បឹងព្រែកល្ពៅ តំបន់អាងត្រពាំងថ្ម តំបន់ប្រាសាទបាកាន «ព្រះខ័នកំពង់ស្វាយ» តំបន់រនាមដូនសំ តំបន់សំបូរព្រៃគុក តំបន់បឹងលំកុដ តំបន់ភ្នំក្រាំងដីមាស និងតំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។

តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។

ទី៤-តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ បែងចែកជា ៨តំបន់ផ្សេងៗគ្នា ដែលមានផ្ទៃដីសរុប ៤១៥,៧៩៦ ហិកតា រួមមាន តំបន់ដងព្រែក តំបន់សំឡូត តំបន់ទន្លេសាប តំបន់ពញាក្រែក តំបន់ព្រែកទឹកសាបក្បាលឆាយ តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស តំបន់សសរស្តម្ភសត្វតោ និងតំបន់បឹងយក្ខឡោម។

ទី៥-តំបន់រ៉ាមសារ៖ បែងចែកជា ៥តំបន់ ដែលមានផ្ទៃសរុប ៦០,៩៩៥ហិកតា រួមមាន តំបន់ស្ទឹងត្រែង តំបន់កោះកាពិ បឹងទន្លេឆ្មារ តំបន់ព្រែកទាល់ និងតំបន់ស្ទឹងសែន។ ទី៦-តំបន់ស្នូលនៃបឋនីយជីវមណ្ឌល៖ បែងចែកជា ៣តំបន់ផ្សេងៗគ្នា ដែលមានផ្ទៃសរុប ៤២,២៥៧ហិកតា រួមមាន តំបន់ព្រែកទាល់ តំបន់ស្ទឹងសែន និងតំបន់បឹងទន្លេឆ្មារ។

ទី៧-តំបន់បេតិកភណ្ឌធម្មជាតិ៖ បែងចែកជា ១១តំបន់ផ្សេងៗគ្នា ដែលមានផ្ទៃដីសរុប ៣៣,៩៥១ហិកតា រួមមាន តំបន់ភ្នំត្បែង តំបន់ភ្នំយ៉ាត តំបន់ភ្នំប្រាំពីរ តំបន់ជញ្ជាំង តំបន់គិរីយង់ តំបន់ភ្នំទាក់ទ្រាំង តំបន់ភ្នំព្រះនេត្រព្រះ តំបន់ភ្នំព្រះ-ភ្នំវែង តំបន់ភ្នំយាយសំ តំបន់ភ្នំបាក់ និងតំបន់ភ្នំស្វាយ។

ទី៨-តំបន់ឧទ្យានសមុទ្រ៖ តំបន់ឧទ្យានសមុទ្រនេះ មានផ្ទៃដីសរុប ៥២,៤៤៨ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ ក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១,៦៣០ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ហិកតា។

លោក បញ្ជាក់ ការបង្កើតឱ្យមានតំបន់ការពារទាំងអស់នេះរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងកែប្រែតំបន់នានាឱ្យក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ លើកស្ទួយតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។

ចាប់តាំងពីឆ្នាំ២០១៦មក កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ១១.៦លានដុល្លារ ដើម្បីយកមកពង្រឹងការងារការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតមុខរបរ និងប្រាក់ចំណូលជូនប្រជាសហគមន៍ កសាងជារបងការពាររឹងមាំការពារតំបន់ការពារធម្មជាតិផងដែរ៕

ដោយ៖ Moeun  Dyna