Register Already an agent ? Login

វឌ្ឍភាពគម្រោងផ្លូវក្រុងព្រះសីហនុ ការចាក់អ៊ុតកៅស៊ូ បានប្រមាណ ៩០% និងបំពាក់អំពូលភ្លើង ៧០%

ព្រះសីហនុ៖ វឌ្ឍភាពគម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ការចាក់អ៊ុតកៅស៊ូ សម្រេចបានប្រមាណ ៩០ភាគរយ និងការបំពាក់អំពូលភ្លើង បានប្រមាណ ៧០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពីអ្នកនាំពក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជក់ ទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពនៃការស្ថាបនាផ្លូវនេះ បានឈានទៅមុខតាមផែនការ ដោយគ្រោងបញ្ចប់នៅដំណាច់ ខែមីនានេះ។

លោក ឃាង ភារម្យ បានបន្តថា ផ្លូវចំនួន ១១ខ្សែទៀត ដែលបាននឹងកំពុងស្ថាបនាយ៉ាងសកម្ម ក៏បានឆ្ពោះទៅមុខយ៉ាងរលូន​ផងដែរ គិតរហូតមកទល់បច្ចុប្បន្ន។ ផ្លូវចំនួន ១១ខ្សែនេះ មិនរាប់បញ្ចួលលើហេដ្ឋារចនាសម្ព័ន្ឋ ៣៤ខ្សែ ដែលចំណាយថវិកាសាងសង់អស់ជិត ៣០០លានដុល្លារ។

សូមបញ្ជាក់ ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលបានជិតបញ្ចប់ការស្ថាបនានេះ បច្ចុប្បន្នការស្ថាននាផ្លូវនេះ សម្រេចបានជិត ១០០ភាគរយលើការចាក់បេតុង និងកំពុងចាក់កៅស៊ូ ដែលគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ដោយ៖ Moeun Dyna