Register Already an agent ? Login

លោកជំទាវ ជូ ប៊ុនអេង និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង បានឧបត្ថម្ភ និងលើកទឹកចិត្តដល់ស្រ្តីប៉ូលីស ដែលទទួលការព្រមានដោយសាររូបភាពបំបៅដោះកូន

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ។

ជាមួយគ្នានេះដែរ ព្រមទាំងសប្បុរសជនរួមមាន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែកចំនួន ៥០០ដុល្លា លោកជំទាវ សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចចំនួន ១០០ដុល្លា សរុបចំនួន ៥០០០០០រៀល និង ៧០០ដុល្លា ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រមានឱ្យសុំទោសជាសាធារណៈ ព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយដែលត្រូវបានលោកពន្យល់ថា «ការបំបៅកូនក្នុងឯកសណ្ឋានជារឿងមិនសមរម្យ ធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្រ្តីខ្មែរ»។

ក្រោយពីបានឃើញលោកស្រី បង្ហោះរូបភាពកំពុងបំបៅកូនអាយុ១ឆ្នាំ ២ខែ នៅក្នុងឯកសណ្ឋានការងារ និងនៅកន្លែងការងារផ្ទាល់តាមដងផ្លូវកំពុងបំពេញភារកិច្ច។ ភ្លាមៗនោះ ដោយបានមើលឃើញពីការមិនផ្ដល់តម្លៃ ប្រាស់ចាកអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្រ្តីក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយរបស់ក្រសួងសុខាភិបាល លោកជំទាវ ជូ ប៊ុនអេង បានចេញសារលិខិតជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

«ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ។ ក្នុងស្ថានភាពជាស្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើសពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូន តាំងពីក្នុងផ្ទៃរហូត កើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែរទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់កូន និងការងារស្នូលរបស់នាងដែរ»។

នៅក្នុងលិខិតបានបន្តថា «លោកអធិការគួរតែសម្ដែងនូវការកោតសរសើ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្រ្តីស្រ្តីបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែរទាំកូនលោកដូចគ្នាដែរ.....»។

ជាមួយគ្នានេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញនូវសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យថា «ក្រសួងកិច្ចការនារីសូមសម្ដែងនូវការកោតសរសើចំពោះ លោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់ និងផ្ដល់ភាពកក់ក្ដៅដល់កូន»។

នៅក្នុងសេចក្ដីថ្លែងការណ៍បានបន្តថា ក្នុងន័យនេះ ស្ថាប័នអង្គភាពដែលមានស្រ្តី ជាមន្រ្តីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារគួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន និងអនុញ្ញាតឱ្យស្រ្តីដែលមានកូនតូចអាចបំពេញការងារផង និងបំពេញតួនាទីជាម្ដាយផង។

ក្រោយពីមានលិខិតអន្តរាគមន៍របស់លោកជំទាវ ជូ ប៊ុនអេង និងក្រសួងកិច្ចការនារី យើងឃើញមានការសាទរពីសំណាក់សាធារណជន និងមានការចូលរួមចំណែកលើកទឹកចិត្តដោយពាក្យសំដី ថវិកា និងសម្ភារៈជាច្រើន ជូនដល់លោកស្រី៕

ដោយ៖ លក្ខិណា