Register Already an agent ? Login

រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ «ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»

ភ្នំពេញ៖ រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ «ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ បើតាមទំព័រហ្វឹសប៊ុក សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា  ថ្ងៃទី១០ ខែមីនា នេះ។

សេចក្តីព្រាងច្បាប់នេះ ក្រោយពីឆ្លងកាត់ព្រឹទ្ធសភា ពិនិត្យនិងឱ្យយោបល់ហើយ និងបញ្ជូនត្រឡប់មករដ្ឋសភាវិញ ហើយនិងបញ្ជូនទៅរដ្ឋាភិបាល ដោយស្នើសុំព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់។

ច្បាប់នេះ ដើម្បីរាជរដ្ឋាភិបាល យកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។ បើតាមការបញ្ចាក់ របស់ សម្ដេច ហេង សំរិន បានបន្ត សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ។

បើតាមសេចក្ដីព្រាងច្បាប់នេះ បានកំណត់ថា បើបុគ្គលណាគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំពោះ បុគ្គលណាគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ កាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

សេចក្តី ព្រាងច្បាប់នេះ មាន៦ជំពូក និង១៨មាត្រា បានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩៣២នាក់ ក្នុងនោះត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញចំនួន ៤៨៩នាក់ និងកំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៤៤២នាក់។

ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕

ដោយ៖ Moeun Dyna