Register Already an agent ? Login

ជប៉ុនផ្ដល់ថវិកាជាង ៨សែនដុល្លារ ផ្ដោតលើសុខភាពអនាម័យសហគមន៍ និងបង្កើតការយល់ដឹងបញ្ហាបរិស្ថាន

ភ្នំពេញ៖ ជប៉ុនផ្តល់ថវិកា ៨៥២,១៨៩ដុល្លារ ដើម្បីការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងសម្រាប់ការបង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាជំនួយឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនពីរ។ ​បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុនថ្ងៃទី៩ ខែមីនានេះ។

សេចក្ដីជូនដំណឹងរបស់ស្ថានទូនជប៉ុនប្រចាំកម្ពុជា បានបន្តថា ក្នុងនោះ ថវិកា ៧៦០,៣៤១ដុល្លារ ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២)។

ស្ថានទូតបានបន្តទៀតថា ថវិកា ៩១,៨៤៨ដុល្លារ ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី១)។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ បើតាមការការន្ថែមរបស់ស្ថានទូត បញ្ជាក់ «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ»។

សូមរម្លឹកថា កម្មវិធីជំនួយឥតសំណង​សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល បានចាប់ផ្ដើមនៅប្រទែសកម្ពុជា​ តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គភាពក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន​បានផ្ដល់ថិកាជាង ៤៥លានដុល្លារ ដល់គម្រោងចំនួន ១៣៨ ដែលផ្ដោយសំខាន់ទៅលើវិស័យអប់រំនៅមូលដ្ឋាន វិស័យសុខាភិបាល កសិកម្ម និងសកម្មនភាពបោសសំអាតមីនក្នុងប្រទេសកម្ពុជា៕

ដោយ៖ Moeun Dyna