Register Already an agent ? Login

ផ្លូវក្រវាត់ក្រុងទី៣ នៅតែដំណើរការសាងសង់ ទោះបីជំងឺសកលកំពង់វាយលុក ក៏តម្លៃដីមិនចុះថ្លៃ ខណៈសំណង់ផ្សេងៗបានលេចរូបរាង

ភ្នំពេញ៖ ការរីករាលដាល​ជំងឺ​កូវីដ​-១៩ មិន​បាន​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ជាប់​នៅ​ទ្រឹង​ទេ ដោយ​តម្លៃ​ដី​ជាប់​ផ្លូវ​នាពេលនេះ​បាន​កើន​ក្នុង​រង្វង់​ ១៥-២០​ភាគរយ​។ បើតាមការបញ្ជាក់ របស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក បន្តថា បច្ចុប្បន្ន ​នៅតាម​ផ្លូវ​នេះ​គេ​សង្កេតឃើញ​មាន​គម្រោង​មួយចំនួន​កំពុង​ចាប់ផ្តើម​អភិវឌ្ឍ ដែល​មាន​ដូចជា លំនៅឋាន កន្លែង​លក់ទំនិញ តំបន់ឧស្សាហកម្ម រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ ជាដើម​។

ការកើនឡើង​តម្លៃ​ពេលនេះ គឺ​បន្ទាប់ពី​សកម្មភាព​នៃ​ការសាងសង់​ផ្លូវ​បាន​លេចចេញ​ជា​រូបរាង និង​គេ​អាចធ្វើ​ចរាចរណ៍​បាន​ជា​បណ្តើរៗ​ហើយ។ បើតាមការបន្តរបស់អ្នកជំនាញដដែល លោក ថា តម្លៃ​ដី​តាមផ្លូវ​ក្រវាត់ក្រុង​ទី​៣ បាន​កើនឡើង​ខ្ពស់កាលពី​ឆ្នាំ២០២០ ដោយ​កន្លែង​ខ្លះ​កើនឡើង​ទ្វេដង​ធៀប​ទៅនឹង​ចុងឆ្នាំ២០១៩​ ការកើនឡើង​នេះ គឺ​កើត​មាននៅ​គ្រប់​ទីតាំង​ទាំងអស់ គ្រាន់តែ​ដី​នៅ​ជាប់​ផ្លូវ និង​មាន​ទំហំ​ក្រោម ១​ហិកតា ​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​។

បើតាម​អ្នកជំនាញអចលន​ទ្រព្យបានពន្យល់ដូច្នេះថា ដោយ​វា​ជា​ផ្លូវ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ហេតុនេះ​ការកសាង​ផ្លូវ​ថ្មី គឺមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​តម្លៃ​ដី​។ សម្រាប់​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវ​បែបនេះ គេ​អាចធ្វើ​ការបែងចែក​ជា​ដំណាក់កាល​សំខាន់ៗ​ចំនួន ៣រួមមាន ការប្រកាស​ពី​គម្រោង​សាងសង់ ការចាប់ផ្តើម​សាងសង់ និង​នៅពេល​សាងសង់​ចប់​រួចរាល់​។ លោក បញ្ជាក់ទៀត «នៅ​គ្រប់​ដំណាក់កាល​នីមួយៗ​សុទ្ធតែ​ធ្វើឱ្យ​តម្លៃ​ដី​កើនឡើង​ទ្វេដង»។

ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យ​អចលន បាន​លើកឡើងថា តម្លៃ​អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មិនបាន​ឡើង​ខ្ពស់​ទេ​ក្នុង​ឆ្នាំ​២០២១ ដោយ​កើន​ប្រមាណ ៥​ភាគរយ​ប៉ុណ្ណោះ​។ លោក ថា សម្រាប់​ខ្ញុំ​តម្លៃ​ដីធ្លី​នៅតាម​ផ្លូវ​នោះ​កើនឡើង​តិចតួច​តែប៉ុណ្ណោះ​នៅក្នុង​រយៈពេល​ ១​ឆ្នាំ​មកនេះ កើនតម្លៃ​តិចតួច​នេះ គឺ​ដោយសារ​តែ​តម្លៃ​ដី​បាន​កើន​ខ្ពស់​រួចហើយ​មុន​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ-​១៩​។

ផ្លូវ​នេះ​ត្រូវ​រំពឹងថា នឹង​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់​។ បើតាការបន្ថែមរបស់អ្នកជំនាញដដែល។

ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាគម្រោងដ៏ធំមួយទៀត ក្រៅពីគម្រោងព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្ត សម្រាប់ការទាក់ទាញអ្នកវិនិយោគឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។ បើតាមការើលើឡើងរបស់ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ ផ្លូវនេះ ដែលបាននឹងកំពុងសាងសង់ នឹងមានវឌ្ឍនភាពទៅមុខនេះ គឺជាការចូលរួមអភិវឌ្ឍន៍យ៉ាងធំនៅក្នុងខេត្តកណ្តាល ម្យ៉ាងទៀតគម្រោងនេះ គឺជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។

លោកបន្តថា គម្រោងនេះ បាននឹងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្ត ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និង រោងចក្រសហគ្រាសជាច្រើនផងដែរ។ លោក ថា អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត។

សូមបញ្ជាក់ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង ៥៣​គីឡូម៉ែត្រ​ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៤, លេខ​ ៣, លេខ​២ ផ្លូវជាតិ​លេខ​២១ មុននឹង​ឆ្លងទន្លេ​បាសាក់ តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១ នេះ​ត្រូវបាន​សាងសង់​ឡើងជា ៤ ​គន្លង​ដែលមាន​ទទឹងផ្លូវ ២៥​ម៉ែត្រ ​ចំណាយ​ថវិកា ២៧៣​លានដុល្លារ​ ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ផ្លូវ​នេះ​ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។

បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏នៅមានផ្លូវក្រវ៉ាត់ក្រុងទី៤ ផងដែរ ដែលក្រសួងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន ១ស្រុក ខេត្តកណ្តាល ៨ស្រុក និងខេត្តព្រៃវែង ២ស្រុក។

តាមការរំពឹងទុក ផ្លូវក្រវាត់ក្រុងទី៤ នឹងងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនវៀតណាម ថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។ ដូច្នេះ ផ្លូវក្រវាត់ក្រុង ជាគម្រោងថ្មីស្រឡាង រៀបនឹងប្រសូត្រឡើងនេះ នឹងកែប្រែតំបន់នៅជុំវិញនោះ ក៏ដូចជាលើកសម្រស់ហេដ្ឋារចនាសម្ព័ន្ធស្រុកខ្មែរ ជាពិសេសជួយសម្រួលដល់ប្រជាជនផ្ទាល់ឱ្យកាន់តែច្រើ៕

ដោយ៖ Moeun  Dyna