Register Already an agent ? Login

ជប៉ុន ផ្ដល់ជំនួយទឹកប្រាក់ជិត ១០ម៉ឹនដុល្លារ លើគម្រោងចំនួនពីរ ផ្នែកវប្បធម៌និងសន្តិសុខមនុស្សជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងទឹកប្រាក់ចំនួន ៩០,៦៤០ដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ បើតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនថ្ងៃទី៥ ខែមីនានេះ។

ស្ថានទូតជប៉ុន បានបន្តឱ្យដឹងថា ក្នុងចំនួនទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ប្រាក់ ៦៥,១០៦ដុល្លារ សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន ៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។

ទឹកប្រាក់ចំនួន ២៥,៥៣៤ ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។ បើតាមស្ថានទូតដដែល។

បើតាមសេចក្ដីជូនដំណឹងខាងលើ បន្តថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។

ស្ថានទូតជប៉ុនបានបញ្ជាក់ថា «យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងទីតាំងគម្រោងនីមួយៗ»៕

ដោយ៖ Moeun Dyna