Register Already an agent ? Login

ទីស្ដីការក្រសួងរៀបចំដែនដីនៅខណ្ឌចម្ការមន នឹងផ្លាស់ទៅទីតាំងថ្មីនៅខណ្ឌខណ្ឌសែន ថ្ងៃទី១៥ ខែនេះ

ភ្នំពេញ៖ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្នដែលមានទីតាំងនៅ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន នឹងត្រូវផ្លាស់ទៅទីតាំងថ្មី ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ បើតាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដីថ្ងៃទី៣ ខែមីនា នេះ។

អគារទីស្តីការក្រសួងរៀបចំដែនដីថ្មី បានបើកការដ្ឋានសាងសង់កាលខែមករា ឆាំ្ន២០២០ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុ ប៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣ភាគរយ។

អគារនេះ មានចំណតរថយន្តប្រមាណ ៤៥០កន្លែង ដែលអគារក្រសួងបច្ចុប្បន្ន ខ្វះចំណតលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន ៣០០នាក់ ១៥០នាក់ និងសាលសន្និបាតចំណុះ ១ ៥៨៤នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។

អគារថ្មីនេះ បានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

គូសបញ្ជាក់ថា ទីស្តីការក្រសួងបច្ចុប្បន្ន រដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីវិញ៕

ដោយ៖ Moeun  Dyna