Register Already an agent ? Login

ព្រលានយន្តហោះខ្នាតតំបន់នៅខេត្តមណ្ឌលគិរី គ្រោងនឹងសាងសង់នៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ

រូបតំណាង

មណ្ឌលគិរី៖ តាមគម្រោងរបស់ក្រុមហ៊ុន Power China Group លានយន្តហោះខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី គ្រោងនឹងសាងសង់នៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ ក្រោយពីសិក្សាបានបញ្ចប់ពីក្រុមការងារបច្ចេកទេសទាំងពីរ។ បើតាមការថ្លែងឱ្យដឹងពី លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

«ផែនការនេះមិនមានការប្រែប្រួលនោះទេ ការសាងសង់នឹងដំណើរការតាមការគ្រោងទុក ដោយទុនវិនិយោគព្រលានយន្តហោះនេះ អាចមានទំហំទឹកប្រាក់កើនដល់ ១០០លានដុល្លារ»។ បើតាមការបញ្ជាក់របស់ លោក ស៊ិន ចាន់សិរីវុត្ថា ដែលគេហទំព័រអចលនទ្រព្យអាស៊ីបានសម្ភាសកាលពីថ្មីៗនេះ។

បើតាមគេហទំព័រនេះបាន ស្រង់សំដីរបស់ អ្នកនាំពាក្យខាងលើបន្តថា ពេលលើកឡើងពីភាពជោគជ័យ របស់អាកាសយានដ្ឋាននេះ លោកស៊ិន ចាន់សិរីវុត្ថា បានជំរុញឱ្យពិនិត្យមើលផែនការ អភិវឌ្ឍន៍របស់ក្រសួងទេសចរណ៍ ដែលគ្រោងប្រែក្លាយខេត្តនេះ ជាតំបន់កសិឧស្សាហកម្ម ផ្តល់សេវាកម្មផ្គត់ផ្គង់បន្លែបង្ការទៅកាន់មូលដ្ឋានទេសចរណ៍ទូទាំងប្រទេស ក៏ដូចជា ការលើកកំពស់វិស័យអេកូទេសចរណ៍។

ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការមេរបស់ខ្លួន ដោយគ្រោងប្រែក្លាយខេត្តមណ្ឌលគិរីជាតំបន់់សេដ្ឋកិច្ចពហុបំណង គ្រោងប្រែក្លាយតំបន់ជុំវិញព្រលានយន្តហោះជាតំបន់ឧស្សាហកម្ម និងគ្រោងប្រែក្លាយតំបន់ធម្មជាតិក្នុងខេត្ត ជាមូលដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍លំហែរកាយកម្រិតខ្ពស់មួយ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត្តឱ្យក្រុមហ៊ុនខាងលើ វិនិយោគសាងសង់ព្រលានយន្តខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី តាមបែប BOT។ ហើយកាលពីពេលថ្មីៗនេះ សម្តេច បានបង្កើតគណកម្មការអន្តរក្រសួង ដើម្បីរៀបចំសហការជាមួយក្រុមដដែល ក្នុងគោលដៅពន្លឿនការសាងសង់ព្រលានយន្តហោះនេះ។ បើតាមគេហទំព័រដដែល៕

ដោយ៖ Moeun Dyna