Register Already an agent ? Login

ជប៉ុនផ្ដល់ថវិកាជាង ២លានដុល្លារ សម្រាប់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឡើងវិញ និងការកសាងសមត្ថភាពយុវជន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ បើតាមការជូនដំណឺងរបស់ស្ថានទូតជប៉ុនថ្ងៃទី១ ខែមិនា នេះ។

ស្ថានទូតបានបន្តឱ្យដឹងថា ថិកាជាង ២លានដុល្លារ ក្នុងនោះ ១,៧៦៣,២៥១ដុល្លារ ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងគាំទ្រ «ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីន» នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី១។ និងគម្រោងគាំទ្រ «ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោម​» នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS ឆ្នាំទី១។

ស្ថាន​ទូតបានបន្តទៀតថា ថវិកា ៤៧២,១១៣ដុល្លារទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជន» ក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី២។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

រដ្ឋាភិបាលជប៉ុន ជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ៕

ដោយ៖ Moeun Dyna