Register Already an agent ? Login

អភិបាលរងខេត្តកោះកុង សូមឱ្យម្ចាស់គម្រោងវារីអគ្គិសនីគិរីរម្យ៣ កាត់បន្ថយផលប៉ះពាល់បរិស្ថានកម្រិតខ្ពស់

កោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលខេត្តកោះកុង ​ដែលបានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យនិងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវារីអគ្គិសនីគិរីរម្យ៣ លើផ្ទៃដីជាង ៤៣២ហិកតា មានអានុភាព ១៨មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនស៊ីធីក អន្តរជាតិ សូមឱ្យម្ចាស់គម្រោង ត្រូវការពារ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសថែរក្សាព្រៃឈើនៅអមផ្ទៃអាងស្តុកទឹក ដែលជាប្រភពនៃការរក្សាលំនឹងទឹក និងជីវចម្រុះ។

នៅក្នុងកិច្ចប្រជុំខាងលើដែល ធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោក ស៊្រុន ដារិទ្ធិ និង លោក ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក អភិបាលខេត្តបានឡើកឡើងបន្តពីផលប៉ះពាល់ គឺម្ចាស់គម្រោងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានគ្រប់គ្រងសំណល់រឹង-រាវ ក្នុងដំណើរការប្រតិបត្តិការប្រចាំថ្ងៃ។

លោក បន្តទៀត ថាម្ចាស់គម្រោងត្រូវរៀបចំឱ្យមានប្រព័ន្ធផ្តល់ព័ត៌មានដោយស្វ័យប្រវត្តិ និងសហការជិតស្និទជាមួយរដ្ឋបាលមូលដ្ឋាន។ ជាមួយគ្នា ត្រូវរៀបចំឱ្យមានគ្រប់គ្រាន់នូវសម្ភារសង្គ្រោះបឋម និងរៀបចំចុះបញ្ជីបុគ្គលិកទាំងអស់ក្នុងបេឡាជាតិសន្តិសុខសង្គម។

លោក ​អភិបាលរងបញ្ជាក់ក្នុងកិច្ចប្រជុំឱ្យដឹងថា ម្ចាស់គម្រោងត្រូវទីតាំងណាមួយសមស្របសម្រាប់សត្វព្រៃដែលមានក្នុងទីតាំងគម្រោង ដោយសារទីតាំងនោះសំបូរដោយជីវចម្រុះយ៉ាងច្រើន ដូចជា ព្រៃឈើ ថនិកសត្វ ៤៣ប្រភេទ បក្សី ១០១ប្រភេទ ឧរង្គសត្វ ២៧ប្រភេទ ចលជលិកសត្វ ១២ប្រភេទ មច្ឆជាតិ ៤៣ប្រភេទ ជាដើម។

សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីគិរីរម្យ៣ មានចម្ងាយប្រមាណ ១៤២គីឡូម៉ែត ពីផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង សហគមន៍ព្រៃឈើទ័ពជាង និងគម្រោងឥណទានកាបូន ស្ថិតនៅក្នុងភូមិបាក់អង្រុត និងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងរយៈពេលសម្បទាន ៣៣ឆ្នាំ ក្នុងទុនវិនិយោគចំនួន ៤៧,១លានដុល្លារ។

គម្រោងនេះមាន ផ្ទៃអាងស្តុកទឹក ៤០០ហិកតា ផ្ទុកបាន ៤៦,២៦លានម៉ែត្រគូប និងហេដ្ឋារចនាសម្ព័ន្ធគម្រោងទំហំ ៣២,០៨ហិកតា ដោយមានទំនប់មេ ទំនប់បង្ហៀរ សំណង់យកទឹក អាងខ្ជោល អគារថាមពល និងសំណង់ប្រឡាយទឹក។ បន្ទាប់ពីបានសិក្សាលម្អិតអំពីធនធានបរិស្ថាន ជីវចម្រុះ និងសេដ្ឋកិច្ចរួចមក គម្រោងរំពឹងនឹងទទួលបានផលចំណេញសរុប ១៧,៤៤ទ្រីលានដុល្លារ។

សូមរម្លឹកថា គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១២ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣៕

ដោយ៖ Moeun Dyna