Register Already an agent ? Login

ផ្សារគំរូព្រំដែនខេត្តកំពត់ ទី២បន្ទាប់ពីខេត្តត្បូងឃ្មុំ នឹងសាងសង់នៅលើផ្ទៃដី ៥០ហិកតា ក្នុងស្រុកកំពង់ត្រាច

កំពត៖ ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែន ស្ថិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ហិកតា ដែលជាជំហានដំបូង តាមគម្រោងផែនការ ក្នុងទំហំផ្ទៃដីសរុប ៥០ហិកតា។ គម្រោងនេះ ជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។ បើតាមរដ្ឋបាលខេត្តកំពត។

រដ្ឋបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំហានដំបូង គម្រោងនេះអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម អគារផ្សារកម្ពស់ ២ជាន់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ប្រមាណ ២លានដុល្លារ ការសាងសង់នឹងបញ្ចប់នៅដើមឆ្នាំ ឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។

បើតាមរដ្ឋបាលខេត្ត បានបន្តឱ្យដឹងថា លោក ជាវ តាយ អភិបាលខេត្តកំពត បានអមដំណើរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ លោក ប៉ាន សូរស័ក្តិ កម្មចុះពិនិត្យទីតាំងសាងសង់ផ្សារគំរូ ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានស្នើដល់ លោកអភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលព្រមទាំងសហការបានល្អជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការគម្រោងសាងសង់នេះ បានសម្រេចលទ្ធផលជោគជ័យឆាប់រហ័សតាមគោលការណ៍របស់ ប្រមុខរាជរដ្ឋាភិបាល។

លោក ជាវ តាយ បានសំដែងការអបអរសាទរ និងគាំទ្រសហការ ព្រមទាំងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើឱ្យការដោះដូរទំនិញតាមព្រំដែនមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕

ដោយ៖ Moeun  Dyna