
រតនគិរី៖ ការជួសជុលផ្លូវជាតិលេខ៧៨-៥ ដោយប្រើប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ DBST ប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច អនុវត្តគម្រោងជួសជុលោឡើងវិញដោយមន្ទីរដឹកជញ្ជូនខេត្តរតនគិរី។ បើតាមការថ្លែងឱ្យដឹងដោយ លោក សាយ សាមាន ប្រធានមន្ទីរដឹកជញ្ជូនខេត្តរតនគិរី។
លោក ប្រធានមន្ទីរបានថ្លែងបញ្ជាក់ «ផ្លូវទាំង ២ខ្សែនេះ មានប្រវែងសុប ១៦៥០ម៉ែត្រ ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដារស្រុកអូរជុំ ស្រុកវើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមាញឹក»។

លោក បានស្នើឱ្យប្រជាពលរដ្ឋក្នុងក្រុងបានលុង ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ ទាំងអស់ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីជំរុញឱ្យគម្រោងជួសជុលនេះ អាចដំណើរការបាន ដោយរលូន និងសម្រេចជោគជ័យតាមការគ្រោងទុក។
នៅពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិទាំង ២ខ្សែ លោក ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងបញ្ជាក់ថា ហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈ ការដឹកជញ្ជូនកសិផលផ្សេងៗដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សម្ភារៈ ឧបភោគបរិភោគ និងសម្ភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ។

ដើម្បីដំណើការជួសជុល ផ្លូវនេះឱ្យទទួលបានជោគជ័យ លោក អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ លោក ប្រាប់ទៅ អាជ្ញាធរដែនដី ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

នាឱកាសនោះ អភិបាលខេត្តបានអំពាវនាវដ៏ទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរមិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ៕

ដោយ៖Moeun Dyna