Register Already an agent ? Login

ចិន៖ ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។ នេះជាការថ្លែងរបស់ លោក ជាំង វ៉ៃ ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ នៅក្នុងជំនួបជាមួយ លោក គួច ចំរើន អភិបាលខេត្តេព្រះសីហនុ។

នៅក្នុងជំនួបខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាំង វ៉ៃ បានថ្លែងបន្តថា លោកបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ។

លោក បានបញ្ជាក់ថា «ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩»។ លោក បន្តទៀតថា ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូ។

លោក តំណាងកុងស៊ុលចិន បានបញ្ជាក់ទៀត នឹងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តនេះ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ។

នៅក្នុងជំនួបនេះ លោក គួច ចំរើន ក៏បានបង្ហាញពីសក្ដនុពលរបស់ខេត្តមានដូចជា មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២។

ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។ បើតាមការបន្តរបស់ លោក អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា មានកំពង់ផែអន្តរជាតិទឹកជ្រៅ ទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយ នៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។ នេះបើតាមការថ្លែងរម្លឹករបស់ លោក គួច ចំរើន បន្តទៀតថា រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក ១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

នាឱកាសនោះ លោក ​អភិបាលខេត្តបានសូមឱ្យ លោក ជាំង វ៉ៃ ជួយរកដៃគូជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែក ក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

ស្ថិតក្នុងបរិយាកាសនោះ លោក គួច ចំរើន បានស្នើ លោក ប្រធានការិយាល័យកុងស៊ុលចិនរូបនេះ ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។

ជាមួយគ្នានេះ ជួយជំរុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ហើយនិងសូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ។

គូសបញ្ជក់ថា សូមណូមពរដែល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងក្នុងកិច្ចជុំចំនួបខាងលើ លោក លោក ជាំង វ៉ៃ ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការ៕

ដោយ៖ Moeun Dyna