Register Already an agent ? Login

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមបណ្ដាខេត្តពាណិជ្ជកម្ម ទេសចរណ៍នៅឆ្នាំ២០២១ បានចេញផ្លែផ្កា

ភ្នំ​ពេញ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមបណ្ដាខេត្តពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៅឆ្នាំ២០២១បានលេចចេញជារូបរាងផ្លែផ្កាហើយ នឹងឈានទៅបញ្ចប់គម្រោងទៅតាមផែនការដែលបានកំណត់ទុក។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជជញ្ជូន បានបន្តថា នៅពេលបញ្ជប់គម្រោងទាំងនោះនឹងជំរុញការអភិវឌ្ឍបន្ថែមទៀត ហើយនិងទាក់ទាញវិនិយោគិនបណ្ដាក់ទុនផងដែរ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលបានលេចចេញជាផ្លែផ្កានៅឆ្នាំ២០២១ រួមមានដូចខាងក្រោម៖

ផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ពេលនេះ សម្រេចបាន ១១,៦៨ភាគរយ។ គម្រោងស្ថាបនាផ្លូវ នៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិចំនួន ១១ខ្សែ សម្រេចបាន ៣១,១៥ភាគរយ ព្រមទាំងការងារ ស្តារអូរប្រឡាយធម្មជាតិចំនួន ៥ខ្សែ ប្រវែងសរុប ២៧,៥៤៧គីឡូម៉ែត្រ សម្រេចបាន ៩៦,៦២ភាគរយ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានី ភ្នំពេញទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ(BOT) សម្រេចបាន ៣១,១៩ភាគរយ ហើយនិងគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ប្រវែង ១ ១៣១ម៉ែត្រ សម្រេចបាន ៩៦,៤៩ភាគរយ។

គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស -ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន ៨៧ភាគរយ។

គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុង ប៉ោយ ប៉ែត ពង្រីកជា ៤គន្លងផ្លូវ  ក្នុងនោះ ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥,២៥គូឡូម៉ែត្រ សម្រេចបាន ៣៥,៦២ភាគរយ, ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤គូឡូម៉ែត្រ សម្រេចបាន ៨៩,៧៥ភាគរយ និង ធ្លាម្អម-បាត់ដំបង ប្រវែង ១៣៤,២៥គូឡូម៉ែត្រ សម្រេចបាន ២៣,០២ភគរយ  និងសិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង ៣៤,៤គូឡូម៉ែត្រ កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

នៅពិធីបើកសន្និបាតនាឱកាសនោះ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានគូសបញ្ជាក់ពីសមិទ្ធផល សំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះមាន៖  ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវនិងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿន លឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ។

លោក បានបន្តថា ក្នុងក៏មានការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹកជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផងដែរ៕

ដោយ៖ Moeun Dyna