Register Already an agent ? Login

ជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជា ១៤៤គម្រោង ទុនវិនិយោគសរុបប្រមាណ ២,៧ប៊ីលានដុល្លារ ត្រឹមដើមឆ្នាំ២០២១

ភ្នំពេញ៖ គិតត្រឹមដំណាចខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងរបស់ជប៉ុនចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៧ប៊ីលានដុល្លារ។ បើតាមសេចក្ដីព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១១ កុម្ភៈនេះ បានបន្តថា ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ទុនវិនិយោគប្រមាណ ៣៤០លានដុល្លារ។

ជប៉ុន បានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

លោក បានបន្តថា សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនដូចជា៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប ២៥៤,៣គម និងប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ។ គម្រោងស្ពានគីហ្សូណា និងស្ពានត្សឹបាសា ដែលមានប្រវែងសរុប ៣៥៧៥ម៉ែត្រ ថវិកាប្រមាណ ១៨៦លានដុល្លារ។

គម្រោងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១០៨០ម៉ែត្រ ថវិកាប្រមាណ ៣០លានដុល្លារ។ គម្រោងស្ដារផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារ អាមេរិកផងដែរ។ ជំនួយឥតសំណងសម្រាប់សាងសង់ស្ពានឡើងវិញស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ថវិកាប្រមាណ ៣៥លានដុល្លារ។

លោក ក្រៅពីគម្រោងវិនិយោគ គិតត្រឹមខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដល់កម្ពុជា ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា៕

ដោយ៖ Moeun Dyna