Register Already an agent ? Login

ពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តទូទាំងប្រទេសជិត ៩០ម៉ឹននាក់

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨នាក់ ថយចុះ ២,២៣ភាគរយ ធៀបនឹងឆ្នាំ២០២០ ក្នុងវិបត្តិជំងឺកូវីដ-១៩។ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

របាយការណ៍ខាងលើបានបន្តឱ្យដឹងថា ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣នាក់ កើន ៦,០៥ភាគរយ ប្រៀប ឆ្នាំ២០២០ និង ភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១២.០៨៥នាក់ ថយចុះ ៨៥,៤០ភាគរយ ប្រៀបឆ្នាំ២០២០។

បើតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖ ថ្ងៃទី១ ទី១២ ខែកុម្ភៈ ភ្ញៀវសរុបប្រមាណ ២០៥.០៧៥ នាក់, ថ្ងៃទី២ ទី១៣ ខែកុម្ភៈ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១នាក់, − ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល ៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ១១៨,៥០២នាក់, ខេត្តសៀមរាប ១១៧.៧៨៩នាក់, ខេត្តកំពត ១០២.០២៦នាក់, ខេត្តកែប ៩២.៨០៤ នាក់, ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់, ខេត្តកណ្តាល ៧២.៥១០នាក់, ខេត្តបាត់ដំបង ៦២.៤៦៤នាក់, ខេត្តកោះកុង ៣៥.២២៥នាក់, ខេត្តកំពង់ស្ពឺ ២៩.៧៧០នាក់ និងខេត្តពោធិ៍សាត់ ២៤.៧២៣នាក់។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើ។

តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕

ដោយ៖ ​Moeun Dyna