Register Already an agent ? Login

រដ្ឋបាលខេត្តស្វាយរៀង ប្រាប់ហានិភ័យការទិញដីឡូតិ៍ ពីក្រុមហ៊ុនគ្មានច្បាប់បញ្ជាក់ពីរដ្ឋ ជាការខាតបង់ប្រាក់

ស្វយរៀង៖ បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មពុះដីឡូតិ៍លក់ នៅភូមិសាស្ត្រខេត្តស្វាយរៀងបាន និងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះ ក៏មានក្រុមហ៊ុន ឬអាជិវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ដែលចេញដោយអាជ្ញាធរ មន្ទីរ អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ បើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង។     

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តដីឡូតិ៍នៅទីតាំងណាមួយត្រូវបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយ ឬនៅ។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍។

បើតាមរដ្ឋបាលបានបន្តថា ឯកសាររួមមាន លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។

បើតាមរដ្ឋបាលដដែលបានបន្ថែមថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕

ដោយ៖ Moeun Dyna