Register Already an agent ? Login

រយៈពេល២០ឆ្នាំ កម្ពុជា ទទួលបានគម្រោងសាងសង់ជាង ៥ម៉ឺនគម្រោង ទុនវិនិយោគប្រមាណ ៦០,៨៧ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ២០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០២០ កម្ពុជា ទទួលបានគម្រោងសាងសង់សរុបទូទាំងប្រទេស មានចំនួន ៥៣ ២៨៧គម្រោង នៅលើផ្ទៃក្រឡាសរុបចំនួន ១៥៣,៦២លានម៉ែត្រក្រឡា​ ដែលមានទុនវិនិយោគប្រមាណ ៦០,៨៧ពាន់លានដុល្លារ។ បើតាមយោងតាមរបាយការណ៍ ក្រសួរៀបចំដែនដី បានបញ្ជាក់ថា «គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួ ន២ ១៨០អគារ ក្នុងនោះខេត្តព្រះសីហនុ មាន៦១៥អគារ»។

អគារខ្ពស់ៗចាប់ពី ៥ជាន់ ដល់៩ជាន់ មានចំនួន ១ ១៧៦អគារ និងអគារចាប់ពី១០ជាន់ ដល់១៩ជាន់ មានចំនួន ៦២៥អគារ ហើយអគារកំពស់ពី ២០ជាន់ ដល់២៩ជាន់ មានចំនួន ២០៧អគារ ហើយនិងអគារកម្ពស់ពី ៣០ជាន់ ដល់៣៩ជាន់ មាន ១២២អគារ រីឯអគារកម្ពស់ចាប់ពី ៤០ជាន់ឡើង មានចំនួន៥០អគារ។ បើតាមរបាយការណ៍ក្របានបន្តឱ្យដឹងថា ក្រៅពីសំណង់អគារខ្ពស់ៗខាងលើ កម្ពុជា ក៏មានការវិនិយោគច្រើនទៅលើបុរីលំនៅឋានផងដែរ ក្នុងនោះ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៣៩៣គម្រោង។

បើតាមរបាយការណ៍របស់ក្រសួងបានបន្តទៀតថា គិតចាប់ពីឆ្នាំ២០០៨ ដល់ដំណាច់ឆ្នាំ២០២០ សំណង់សណ្ឋាគារវិញមានចំនួន ១ ៩៣៧គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២ ៦៥១គម្រោង សំណង់អគាររោងចក្រមានចំនួន ១០ ៤២២គម្រោង និងសំណង់អគារពហុមុខងារ មានចំនួន ២០៧គម្រោង។

កម្ពុជា នៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ហើយបណ្ដាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប កំពុងទាក់ទាញខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារតែរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែ ដើម្បីទាក់ទាញនិងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនក្នុង និងក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ៕

ដោយ៖ MoeunDyna