Register Already an agent ? Login

រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២១ ក្រោយលើកពេលមួយឆ្នាំ

ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ក្រោយលើកពេល១ឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ខណៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថានឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាជាមួយក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញត្រៀមកិច្ចការមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើរ។

លោក ថោង ខុន បានណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត។

លោក រដ្ឋមន្រ្តី បានជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងនៅសមុទ្រឱ្យបានទូលំទំលាយនៅក្នុងពិធីបុណ្យនេះ។

ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគណៈកម្មការរៀបចំត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់ជានិច្ច ដាច់ខាតត្រូវរួមគ្នាអនុវត្តឱ្យបានហ្មត់ចត់បំផុត។ បើតាមការជំរុញ លើកទឹកចិត្ត របស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

នៅក្នុងពិធីនេះ លោក គួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម។

លោក ​អភិបាលខេត្ត បានលើកឡើងឱ្យមានការតាក់តែងនិពន្ធរឿង ឬសិល្បៈ សម្ដែងនៅព្រឹត្តិការណ៍ទេសចរណ៍នេះ ដែលរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ ឬហៅតាមឈ្មោះចាស់ថា កំពង់សោម ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។

បើតាមកិច្ចប្រជុំនេះ លោក រដ្ឋមន្រ្តី និងលោក អភិបាលខេត្ត បានឯកភាពគ្នាថា នឹងយកឱកាសរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី៩ ជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែល្បីសុះសាយបន្ថែមទៀត ខណៈឆ្នេរសមុទ្រកម្ពុជាទាំងមូល (ព្រះសីហនុ កំពត កែប និងកោះកុង) ត្រូវបានអង្គការឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកចាត់បញ្ចូលជាឆ្នេរសមុទ្រ ដែលស្អាតជាងគេនៅលើពិភពលោកកន្លងមក ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រសិទ្ធនាមតំបន់ឆ្នេរសមុទ្រទាំងបួនខេត្តរបស់ខ្លួននេះជា «តារារះនាទិសនិរតី» ទៀតផង៕

ដោយ៖ Moeun Dyna