Register Already an agent ? Login

លោក ស្រី មិថុនា ភូថង៖ កត្តាសន្តិភាព ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ ការអភិវឌ្ឍលើគ្រប់វិស័យ

កោះកុង៖ «កត្តាសន្តិភាព ធ្វើឱ្យខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត»។ ជាការថ្លែងបញ្ជាក់របស់ លោគ ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងពិធីខាងលើ លោក ស្រី អភិបាលខេត្តកោះកុង បានថ្លែងបន្តថា ក្នុងនោះសមិទ្ធផលធំៗមានជាអាទិ៍ដូចជា ផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក ៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន ៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសនាងកុក-កោះកុង និងក្រុមដ៏ធំមួយ មានការចាប់អារម្មណ៍ដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីនេះ។

ចំពោះហេដ្ឋា រចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ត្រូវបាននឹងកំពុងកសាង កែលម្អជាបន្តបន្ទាប់នៅទូទាំងខេត្ត សំដៅប្រែក្លាយ ទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសម ជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» និងបានទទួលជ័យលាភីជា «ឆ្នេរស្អាតបំផុតលើពិភពលោក»។ ជាការបន្តរបស់ លោក ស្រីអភិបាលខេត្តកោះកុង បានបន្ថែមឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តកោះកុងសរុបមានចំនួន ១៤កន្លែង ក្នុងនោះយើងមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ៤កន្លែង រមណីយដ្ឋានធម្មជាតិ ៨កន្លែង និងរមណីយដ្ឋាន កែច្នៃ ២កន្លែង។

យោងតាមរបាយការណ៍ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកម្សាន្ត និងស្នាក់នៅក្នុងទឹកដីខេត្តកោះកុង ក្នុងឆ្នាំ២០២០ កន្លងទៅនេះគឺមានចំនួនប្រមាណ ៤៦០,០៩៤នាក់ មានការថយចុះប្រមាណ ៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំពេញដូចគ្នាក្នុងឆ្នាំ២០១៩។ បើតាមការបន្តទៀត របស់ លោក ស្រីអភិបាលខេត្ត បន្ថែមទៀតថា ប៉ុន្តែបើពិនិត្យមើលទៅលើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានវិញ ឃើញថាមានការ កើនឡើងជាបន្តបន្ទាប់ គិតមកត្រឹមឆ្នាំ២០២០ មានសណ្ឋាគារមានចំនួន ១២កន្លែង ស្មើនឹង ៤៤០បន្ទប់ ផ្ទះសំណាក់មានចំនួន ១១២កន្លែង ស្មើនឹង ១,២២០បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន ១៤៥កន្លែង។

កាលពីឆ្នាំ២០១៩ សណ្ឋាគារមានចំនួន១០កន្លែង ស្មើ នឹង៣១៦បន្ទប់ ផ្ទះសំណាក់មានចំនួន៩៦កន្លែង ស្មើនឹង១,១៩៧បន្ទប់ ភោជនីយដ្ឋាន និងអាហារ ដ្ឋានមានចំនួន០៩កន្លែង តែប៉ុណ្ណោះ។ ជារម្លឹក របស់ លោកស្រី អភិបាលខេត្តដដែល បានអះអាងថា ត្រង់ចំណុចនេះសបញ្ជាក់ថាអ្នកវិនិយោគលើវិស័យផ្ទះសំណាក់នៅតែមានជំនឿ និងការទុកចិត្តចំពោះសន្តិសុខ និងស្ថេរភាព ដែលសង្ឃឹមថា នឹងមានភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តកោះកុងច្រើនឡើងៗនៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

ដោយ៖ Moeun Dyna