Register Already an agent ? Login

ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរសិទ្ធិការគ្រប់គ្រង់រវាង រដ្ឋបាលខណ្ឌ២នៅភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អភិបាលខណ្ឌទាំងពីរ ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១១០៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីទីបានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយកាត់យកភូមិចំនួន៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ សង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី, ភូមិព្រែកតាឡុង សង្កាត់តាក្ដុល និងភូមិបត្តាជី សង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ មកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព្រះរាជក្រឹត្យ បានបន្តថា កាត់យកផ្ទៃដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

កិច្ចប្រជុំប្រកាសថ្ងៃនេះ គឺដើម្បីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយកន្លងមក រាជធានីភ្នំពេញបានស្នើឱ្យមានការកែសម្រួលព្រំប្រទល់នេះ។ បើតាមការថ្លែងរបស់ លោក ប្រាក់ សំអឿន

លោក បានបន្តថា រាជធានីភ្នំពេញ ក៏បានស្នើមកក្រសួងមហាផ្ទៃ បន្ទាប់មក ក្រសួងមហាផ្ទៃក៏បានបង្កើតក្រុមការងារត្រួតពិនិត្យលើកិច្ចការងារនេះ និងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ហើយក្នុងខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីពីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យស្ដីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

«ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះគឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីឱ្យការអភិវឌ្ឍតំបន់នេះប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ»។ បើតាមការបញ្ជាក់ របស់ អគ្គនាយករដ្ឋបាល លោក ប្រាក់ សំអឿន បានបន្ថែមថា ក្រោយពីមានការផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌនេះ គឺមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកទទួលសេវាកម្ម ហើយការផ្ដល់សេវាកម្មទៅកាន់ប្រជាពលរដ្ឋ គឺជាចំណុចគន្លឹះដែលរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានរលូន និងស្របតាមគោលការណ៍កំណត់។

នាឱកាសនោះ លោក ប្រាក់ សំអឿន បានស្នើឱ្យសង្កាត់ ខណ្ឌ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលដែលមានការកែសម្រួលព្រំប្រទល់នេះ ត្រូវបន្តអនុវត្តការផ្ទេរឯកសារ នៅសេសសល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យមានភាពជាក់លាក់។ លោក ថា បញ្ជាក់ទៀតថា ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ទាំងនោះឱ្យបានទូលំទូលាយ៕

ដោយ៖ Moeun Dyna