Register Already an agent ? Login

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តាមផែនការឆ្នាំ២០២១ នឹងសម្រេចឱ្យជាង ៧៦%

សៀមរាប៖ អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឱ្យបានជាង ៦៧ភាគរយ ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេឱ្យបាន ៧៨ភាគរយ  ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឱ្យបាន ៤៥ភាគរយ  និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឱ្យបាន ៥០ភាគរយ។ បើតាមរដ្ឋបាលខេត្តសៀមរាប។

បើតាមរដ្ឋបាលខេត្តបន្តថា អ្នកជំនាញក្រុមការងារខាងលើបញ្ជាក់ «តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឱ្យបាន ៦៧ភាគរយ និងបញ្ចប់ការសាងសង់ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ«។

រដ្ឋបាលខេត្តបានបន្តទៀតថា លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី៦ ​ខែកុម្ភៈ ឆ្នាំ២០២១ អ្នកជំនាញចិនបានថ្លែងថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥ភាគរយ។ លោក ថា ជាមួយនេះ សំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០ភាគករយ។ 

ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង។ បើតាមការអះអាងរបស់អ្នកជំនាញចិន។

បើតាមអ្នកជំនាញដដែលនេះ បានបន្ថែមថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប ៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ ៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត  សាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)៕

ដោយ៖ Moeun Dyna