Register Already an agent ? Login

ឆ្នាំ២០២០ រដ្ឋាភិបាលទទួលបានគម្រោងវិនិយោគសរុបចំនួន ២៣៨គ្រោង ទុនវិនិយោគសរុបចំនួនជាង ៨,២ពាន់លានដុល្លារ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបាលទទួលបានគម្រោងវិនិយោគសរុបចំនួន ២៣៨គ្រោង ទុនវិនិយោគសរុបចំនួនជាង ៨ ២៥០លានដុល្លារ។ បើតាមការថ្លែងរបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជាយុវជនក្រសួងផ្ទាល់។

នៅក្នុងពិធីខាងលើ ដែលធ្វើឡើង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា នៅក្នុងគម្រោងវិនិយោគចំនួន ២៣៨គ្រោង មានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ១៣គម្រោង ទុនវិនិយោគ ១៤៧លានដុល្លារ, វិស័យឧស្សាហកម្ម និងកម្មន្ដសាល ២០៧គម្រោង ទុនវិនិយោគ ១ ៤៧០លានដុល្លារ, វិស័យទេសចរណ៍ ៧គម្រោង ទុនវិនិយោគ ៣ ៨៦០លានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១១គម្រោង ទុនវិនិយោគ ២ ៧៧២លានដុល្លារ។

លោក ថ្លែងដោយមានមោទកភាពដូច្នេះថា កម្ពុជា បច្ចុប្បន្នកំពុងមានការរីកចំរើនលើគ្រប់វិស័យបើទោះបីជាប្រឈមនឹងហានិភ័យនៃវិបត្តិជំងឺកូវីដ-១៩។ លោក ថា ភាពរីកចម្រើននេះ នឹងនៅតែបន្តបោះជំហានទៅមុខទៀតដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

លោក រដ្ឋមន្រ្តីថ្លែងបន្តទៀតថា ជាមួយនឹងភាពរីកចម្រើនក្រោមការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំទទួលការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោក សង្កត់ធ្ន់ថា សមិទ្ធផលទាំងអស់នេះរាជរដ្ឋាភិបាលបានកសាងឡើងមកដោយលំបាក ទោះជាយ៉ាងណាក្តីយើងទាំងអស់គ្នានឹងមិនថយក្រោយ ហើយនឹងខិតខំប្រឹងប្រែងបោះជំហានទៅមុខសម្រាប់ជំរុញការអភិវឌ្ឍជាតិ៕

ដោយ៖ Moeun Dyna