Register Already an agent ? Login

រដ្ឋាភិបាល បានអនុម័តលើគម្រោងវិនិយោគក្រុមហ៊ុនចំនួន ៨ ដែលមានទុនវិនិយោគសរុប ៩៧,៨លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៨ ដែលមានទុនវិនិយោគសរុប ៩៧,៨លានដុល្លារ ក្នុងនោះមាន រោងចក្រផលិតគ្រឿងបន្លាស់ គ្រឿងសង្ហារឹមគ្រប់ប្រភេទ មន្ទីរពហុព្យាបាលអន្តរជាតិ ផលិតអគ្គិសនី រោងចក្រកាត់ដេរ សម្រាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន រោចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន រោងចក្រផលិតក្រណាត់និងកាត់ដេរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ក្រុមហ៊ុនទាំង ៨ ដែលលបានអនុម័តឱ្យវិនិយោគនៅរាជធានីភ្នំពេញ និងតាមណ្ដាខេត្តរួមមានដូចខាងក្រោម៖

១-ក្រុមហ៊ុន MAYCO FURNITURE COMPANY LIMITED  គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។

២-ក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៦,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣-ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។

៤-ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៥- ក្រុមហ៊ុន PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

៦-ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៤,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន VELONG (CAMBODIA) INDUSTRIES CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស ទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

២-ក្រុមហ៊ុន ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ទុនវិនិយោគប្រមាណ ៣២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕

ដោយ៖ Moeun Dyna