Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មា នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែ៣ ឆ្នាំ២០២១នេះ

ភ្នំពេញ៖ ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មា នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែមីនា ឆ្នាំ២០២១នេះ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានថ្លែងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ ខែកុម្ភៈនេះ បានបន្តឱ្យដឹងទៀតថា ជាមួយគ្នា រដ្ឋាភិបាលនឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ៧១C តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មានេះ ផងដែរ។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មានេះ បានសម្រេចការសាងសង់ស្ទើទាំងស្រុងហើយ កាលពីខែធ្នូ ឆ្នាំ២០២០ តួរស្ពានត្រូវបានតភ្ជាប់គ្នាទាំងស្រុង ប៉ុន្តែមិនមានពិធីសម្ពោធនោះទេ ដោយសារតែការរាតត្បាតក្នុងសហគមន៍នៃជំងឺកូវីដ-១៩។

លោក បានថ្លែងរម្លឹកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយសារព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

ស្ពាននេះ មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១ ១៣១ម៉ែត្រ ទទឹងប្រវែង ១៣.៥០ម៉ែត្រ។ ស្ពានឆ្លងនេះ បានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សាងសង់ដោយប្រើថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

ដោយ៖ Moeun Dyna