Register Already an agent ? Login

ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង គ្រោងនឹងបើកជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ

កោះកុង៖ ព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង គ្រោងនឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការថ្លែងឱ្យដឹងពី អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានបន្តថា ការសាកច្បងនេះ គឺផ្លូវរត់សម្រេចបានជិត ១០០ភាគរយ នៅតែការងារបំពាក់ភ្លើងសញ្ញានៅតាមផ្លូវរត់តែប៉ុណ្ណោះ។ ចំណែក ឯការិយាល័យ និងកន្លែងទទួលភ្ញៀវ សម្រេចបានប្រមាណ ៧០ភាគរយ។

បច្ចុប្បន្នព្រលានយន្ដហោះនៅតំបន់តារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ។ បើតាមការថ្លែងបន្តទៀតរបស់ លោក សុខ សុទ្ធី បន្ថែមថា គម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ មានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។

បើតាមអភិបាលរងខេត្តដែល បានបន្ថែមទៀតថា នៅពេលសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្សប្រភេទប៊ូអីង ៧៧៧ និង អ៊ែរបើស A៣៤០ ចុះចតបាន។

លោក សុខ សុទ្ធី បានថ្លែងឱ្យដឹងបន្ថែមទៀតថា ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុងក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ ស្ថិតនៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុង លើផ្ទៃដីប្រមាណ ៥០០ហិចតា។ លោក ថា ព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។

អភិបាលរងខេត្តកោះកុងរូបនេះ បានថ្លែងដោយក្ដីគេសង្ឃឹមថា នៅពេលព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម៕

ដោយ៖ Moeun Dya