Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០លានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១លានដុល្លារ និងនាំចូលមកវិញក្នុងចំនួនទឹកប្រាក់ជាង ៨៧៩លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីបើកសម្ពោធការដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ «ទំនិញល្អ ទំនិញជប៉ុន ២០២១» លោក ប៉ាន សូរស័ក្តិ បានថ្លែងបន្តថា គិតត្រឹម ៦ខែ ដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ៨៤១លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែក ដែក និងផលិតផលធ្វើអំពីស្បែក។ល។ ជាការថ្លែងបន្តរបស់ លោក រដ្ឋមន្រ្តី បានបញ្ជាក់ ទំនិញដែលនាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំ ជាដើម។

ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨  គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,៤៨៦លានដុល្លារ។ ជាការថ្លែងបន្តទៀតរបស់ លោក ប៉ាន សូរស័ក្តិ នៅក្នុងពិធីខាងលើ បានបន្ថែមថា ក្នុងឆ្នាំ២០១៩ វិនិយោគមាន ៦គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall3 មាន ទុនវិនិយោគរហូតដល់ ២៨៩.៦លានដុល្លារ។

លោក បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២០ មាន ១គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើនគឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាដើម។

នាឱកាសនោះ លោក រដ្ឋមន្រ្តីបានថ្លែងរម្លឹកថា ទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន កើតឡើងតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ឆ្នាំ២០១៣ កន្លងទៅកម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។ លោក ថា ជប៉ុនបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម។

បើតាម លោក ប៉ាន សូរស័ក្តិ បានថ្លែងបន្ថែមឱ្យដឹងទៀតថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងអាស៊ាន និងជប៉ុន ជប៉ុនបានរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចចំនួន ៨៧គម្រោង ក្នុងនោះ ៥៨គម្រោង សម្រាប់ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម លើវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ធានាគុណភាពទំនិញ ជំរុញវិនិយោគ កសាងបរិយាកាសអាជីវកម្ម បរិស្ថាន កសាងសមត្ថភាពមន្រ្តីរាជការ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសក្រីក្រ។

នៅក្នុងពិធីនោះ លោក រដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះអង្គការ JETRO ជប៉ុន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មនេះឡើង ដើម្បីបើកច្រកទីផ្សារសម្រាប់ទំនិញជប៉ុនបានជ្រៀតចូលទីផ្សារកម្ពុជា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្តី។

លោក បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា ដែលមានបំណងធ្វើធុរកិច្ចជាមួយពាណិជ្ជករជប៉ុន បានឃើញមុខទំនិញច្រើនប្រភេទ និងបានជួបចរចារដោយផ្ទាល់បង្កើតជាវេទិកាពាណិជ្ជកម្ម៕

ដោយ៖ Moeun Dyna