Register Already an agent ? Login

រាជរដ្ឋាភិបាលសម្រេច កាត់ដីបឹងតាមោកទំហំ ៤ហិកតា សាងសង់ទីស្ដីការថ្មីរបស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោកទំហំ ៤ហិកតា ស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឱ្យក្រសួងមុខងារសាធារណៈ សាងសង់ទីស្ដីការថ្មី។ បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៣​ខែកុម្ភៈ ឆ្នាំ២០២១។

នៅគ្នុងសេចក្តីជូដំណឹង ដែលចុះហត្ថលេខាដោយ លោក កែន សត្ថា រដ្ឋលេខាទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណារខ្ពង់ខ្ពស់ របស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ៤ហិកតា សម្រាប់សាងសង់អាគារទីស្ដីការថ្មី របស់ក្រសួងមុខងារសាធារណៈ។

គូសបញ្ជាក់ថា បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន ២៥។

ផ្ទៃបឹងដែលត្រូវរក្សាទុកទំហំប្រមាណតែ ២១៤០ហិកតាប៉ុណ្ណោះ អាចសន្និដ្ឋានបានថាផ្ទៃបឹងប្រមាណ ៥០០ហិកតា បន្ថែមទៀតអាចនឹងត្រូវកាត់ចេញពីផ្ទៃបឹងដើម។ បើយោងតាមប្លង់គោលប្រើប្រាស់ដី របស់សាលារាជធានីភ្នំពេញឆ្នាំ២០៣៥។

តំបន់នៃផ្ទៃដីបឹងតាមោក កំពុងត្រូវបានអភិវឌ្ឍន៍លើគម្រោងសាងសង់សំណង់ធំៗជាច្រើន ដែលក្នុងនោះរួមមានទាំងគម្រោងដែលអភិវឌ្ឍន៍ និងវិនិយោគដោយរាជរដ្ឋាភិបាលដូចជា ការសាងសង់អគារស្ថាប័នរដ្ឋ និងការវិនិយោគរបស់វិស័យឯកជនផងដែរ៕

ដោយ៖ Moeun Dyna