Register Already an agent ? Login

គម្រោងធ្វើស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ នឹងបើកការដ្ឋាននៅឆ្នាំ២០២១នេះ

ភ្នំពេញ៖ គម្រោងធ្វើស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ មានប្រវែង ១,៧៦១ម៉ែត្រ នឹងបើកកដ្ឋាននៅឆ្នាំ២០២១នេះ។ តាមការ ថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបន្តថា គម្រោងធ្វើស្ពាននេះ ក្រោមថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលចិន ដោយប្រើប្រាស់ពេលវេលាសាងសង់ចន្លោះពី២ ទៅ ៣ឆ្នាំ។

ក្នុងពិថីបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក រដ្ឋមន្រ្តីថ្លែងបញ្ជាក់ ស្ពានឆ្លងទន្លេមេគង្គតាភ្ជាប់រវាងខេត្តពាំងពីរនេះ នឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។

លោក បានថ្លែងបន្តទៀតថា ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គនវ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ដែលត្រួវពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជា​​អាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឱ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានមានប្រសាសន៍កាលពី ខែធ្នូ ឆ្នាំ២០២០ ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេដែលមានប្រវែង ១,៧៦១ម៉ែត្រ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំមិនអាចសាងសង់នៅត្រឹមឆ្នាំ២០២១បាននោះទេ ខណៈដែលគម្រោងដ៏ធំមួយនេះ ស្ថិតនៅក្នុងគម្រោងអាទិភាពក្រោយ។

លោក វ៉ា ស៊ីមសូរិយា បានបញ្ជាក់ថា វានៅអាទិភាពក្រោយ ដោយនៅក្នុងឆ្នាំ២០២១ គម្រោងអាទិភាពគឺមានតែ៣ទេ គឺគម្រោងសាងសង់ផ្លូវជាតិ៤១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ដែលនឹងត្រូវចាប់ផ្តើមសាងសង់។ ដូច្នេះសម្រាប់គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ អាចនឹងស្ថិតនៅក្នុងឆ្នាំបន្ទាប់ ២០២២ ឬហួសទៅឆ្នាំ២០២៣ក៏អាចថាបាន។

អ្នកនាំពាក្យរូបនេះ បានបន្តថា នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ លោក ថា ប៉ុន្តែបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ដែរ តែខ្ញុំមិនទាន់មានព័ត៌មានលម្អិត និងប្រាកដជាក់ពីគម្រោងស្ពានមួយនេះនៅឡើយនោះទេ៕

ដោយ៖ Moeun Dyna