Register Already an agent ? Login

វឌ្ឍនភាព គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបាន ១០,៤៣ភាគរយ

សៀមរាប៖ វឌ្ឍនភាពគិតពីពេលចាប់ផ្ដើមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្រេចបាន ១០,៤៣ភាគរយ ចាប់គិតពីថ្ងៃបើកការដ្ឋានរយៈពេលជិត ២ខែ ក្រោមកិច្ចដំណើរការចំនួន៨ នៃអង្គភាពប្រតិបត្តិការណ៍បណ្តាអង្គភាពសាងសង់ទាំងអស់។ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដីបានបន្តឱ្យដឹងថា វឌ្ឍនភាពដែលសម្រេចបាន ១០,៤៣ភាគរយ ក្នុងនោះរួមមាន ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែ សម្រេចបាន ៩,៩៣ភាគរយ មានកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ចំនួន ១៣ខ្សែ ប្រវែង ២៦,៥៣គីឡូម៉ែត្រ សម្រេចបាន ១០,១០ភាគរយ។

កងវិស្វកម្មសម្ដេចតេជោ ហ៊ុនសែន សៀមរាបចំនួន ៨ខ្សែ ប្រវែង ២៤,៤៧គីឡូម៉ែត្រ សម្រេចបាន ៨,៧៦ភាគរយ, កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាបចំនួន ៦ខ្សែ ប្រវែង ១១,៩០គីឡូម៉ែត្រ សម្រេច១៨,០៥ភាគរយ, នាយកដ្ឋានជួលជុលនិងថែទំាផ្លូវថ្នល់នៃក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន ៤,៥ខ្សែ ប្រវែង ២០,៩០គីឡូម៉ែត្រ សម្រេចបាន៨,៨៧ភាគរយ។

នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លុវនៃក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន ៥ខ្សែ ប្រវែងសរុប ១៤,៣២គីឡូម៉ែត្រ សម្រេចបាន ៧,៧៨ភាគរយ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបចំនួន ១,៥ខ្សែ ប្រវែង ១១,៦២គីឡូម៉ែត្រ សម្រេចបាន ៨,៩៨ភាគរយ។

ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ៤២ខ្សែ ប្រវែង ៣៣,៦៤គីឡូម៉ែត្រ សម្រេចបាន២៩,៦៨ភាគរយ។ 

បើតាមក្រសួងបានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនេះ ដើម្បីជាការរួមចំណែកលើកតម្កើងសោភណភាពនិងបរិស្ថានក្រុងសៀមរាបឡើងវិញ ប្រជាពលរដ្ឋ  ៤២០គ្រួសារ  នៃចំនួនគ្រួសារសរុប ៤៣០  ស្មើនឹង៩៧ភាគរយ បានស័្មគ្រចិត្តរុះរើសំណង់បណ្តោះអាសន្នរបស់ខ្លួន  ចេញពីច្រាំងនិងដីចំណីស្ទឹងសៀមរាប តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ក្នុងនោះប្រជាពលរដ្ឋ ៣១២គ្រួសារ បានរុះរើរួច៕

ដោយ៖ Moeun Dyna