Register Already an agent ? Login

រដ្ឋាភិបាល បានចុះបញ្ជី ភ្នំទទុង-ភ្នំតូច ទំហំដី ៨៣.៤៤ ហិកតា ក្នុងខេត្តកំពត ជាបេតិកភណ្ឌធម្មជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចុះបញ្ជីតំបន់ ទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ ៨៣.៤៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត បេតិកភណ្ឌធម្មជាតិ។ នេះបើតាមអនុក្រឹត្យរដ្ឋាភិបាលលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា «ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ»។

អនុក្រឹត្យខាងលើ បានបន្តថា ការដាក់តំបន់ខាងលើជាតំបន់បេតិកភណ្ឌធម្មជាតិ តាមសំណើរបស់ ក្រសួងបរិស្ថាន ដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ២០១៦ មកទល់ពេលនេះ រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា នៅក្នុងខេត្តព្រះវិហារ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង ១១កន្លែង ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។

ក្រសួងបរិស្ថានបានគ្រប់គ្រងលើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ៕

ដោយ៖ Moeun Dyna