Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០កន្លែង កំពុងមានសកម្មភាពទេសចរណ៍

សៀមរាប៖ ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។ ជាការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ក្រសួងបរិស្ថានបានសម្រេចគោលដៅក្នុងការរៀបចំ បង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិទាំងអស់ ដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួន ១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូតួនាទី និងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន។ បើតាមការថ្លែងរបស់ លោក សាយ សំអាល់ បានបន្តថា ការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជីវចម្រុះ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចតាមសហមគមន៍នីមួយៗ។

«ក្នុងចំណោមចំនួននេះ មានសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ផ្សេងទៀតក្នុងតំបន់ការពារធម្មជាតិជាង ២០កន្លែង ដែលមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ និងកំពុងផ្តល់សេវាកម្មនេះដល់ភ្ញៀវទេសចរ»។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា ការអភិវឌ្ឍអេកូទេសចរណ៍ ដែលឈរលើគោលការណ៍និរន្តរភាពបរិស្ថាន ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ចប្រកបដោយសមធម៌ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។

លោក បានថ្លែងបន្តទៀតថា ក្នុងន័យនេះ ក្រសួងបរិស្ថានបាននិងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។

ក្រៅពីនេះ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំលុងវិបត្តិកូវីដ-១៩នេះ និងការផ្តល់ជាពូជបន្លែ សត្វជាដើម។ បើតាមការបន្ថែមរបស់ លោក សាយ សំអាល់។

ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ក្នុងនោះកម្រិតជីវភាព និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ នេះបើតាមការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាអនុប្រធាន ក.គ.អ.អ. លោក វេង សាខុន នៅក្នុងវេទិការខាងលើ។

ពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍ លោក បានបញ្ជាក់អំពីសក្តានុពលអេកូទេសចរណ៍ ដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រួមមាន សហគមន៍នេសាទ ចំនួន ៥១១ (ក្នុងនោះ ១៣១សហគមន៍ មានសក្តានុពលបង្កើតជាតំបន់អេកូទេសចរណ៍) សហគមន៍ព្រៃឈើ ចំនួន ៦៣៨ និងសហគមន៍កិសិកម្មចំនួន ១១៩០។

កម្ពុជាបានកសាងឃឿនសេដ្ឋកិច្ចរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាព និងប្រាក់ចំណូលខ្ពស់ជាមុន។ ជាការថ្លែងរបស់ លោក ថោង ខុន បានបញ្ជាក់ថា កម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍យ៉ាងសម្បូរបែប សម្រាប់បង្កើតជាតំបន់អេកូទេសចរណ៍។ លោក ថា ការរៀបចំតំបន់អេកូទេសចរណ៍មួយឡើង ត្រូវសិក្សាគ្រប់ជ្រុងជ្រោយ លើផ្នែកសុវត្ថិភាព ផ្លូវធ្វើដំណើរ ជំងឺ(កើតពីមូសខាំ) អនាម័យកន្លែងស្នាក់នៅ និងបន្ទប់ទឹកជាដើម ទាមទាកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

ដោយ៖ Moeun Dyna