Register Already an agent ? Login

ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១លាននាក់ ថយចុះ ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ ២០%

ភ្នំពេញ៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០ភាគរយ និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ នៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការថ្លែង របស់ លោក ថោង ខុន បើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ថា ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ៕

ដោយ៖ Moeun Dyna